(បាងកក)៖ រថយន្តមួយគ្រឿង​បានផ្ទុះឆាបឆេះ​ឡើងយ៉ាង​សន្ធោសន្ធៅ បន្ទាប់ពី​បានបោះពួយ​ទៅបុកដើមឈើ​មួយដើមនៅភាគកណ្តាលឈាងខាងត្បូងប្រ​ទេសថៃ ហើយបានបណ្តាល​ឲ្យមនុស្ស​ចំនួន ០៥នាក់​បាត់បង់​ជីវិត។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅ​មុន​នេះ​បន្តិចនា​ល្ងាចថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។

ប្រភពដដែលបានឲ្យដឹងទៀតថា​ គ្រោះថ្នាក់ចរាចរណ៍ខាងលើ​បានកើតឡើង​នាវេលាព្រឹក​ថ្ងៃអង្គារនេះ នៅពេលដែលរថយន្តស៊េរី Mercedes-Benz ពណ៌ខ្មៅ​​មួយគ្រឿង​​បានជ្រុលចង្កូត​ទៅបុកចំដើមឈើ​មួយដើម​ហើយធ្លាក់ទៅក្នុង​ប្រឡាយ​អមសងខាង​ផ្លូវ​នៅក្នុង​ខេត្ត Chachengsao ភាគខាងកើតទីក្រុង​បាងកក ហើយក្រោយ​មករថយន្ត​នោះបានផ្ទុះឆេះ ដោយឆក់យកជីវិតមនុស្សចំនួន០៣នាក់នៅហ្នឹង​​កន្លែង​កើតហេតុតែម្តង ខណៈអ្នកដំណើរពីរនាក់​ផ្សេងទៀត​ដែលបានទទួលរងរបួសធ្ងន់ធ្ងរ​បានដាច់ខ្យល់ស្លាប់​នៅឯ​មន្ទីរពេទ្យ។

គួរបញ្ជាក់ថា នាពេលនេះ​មូលហេតុ​ដែលបានបង្ក​ជាហេតុការណ៍​ដ៏អាក្រក់​មួយនេះ​កំពុងស្ថិតក្រោម​ការស៊ើប​អង្កេត ហើយជាបឋមមន្រ្តី​ប៉ូលិស​ថៃបានសន្និដ្ឋានថា​អ្នកបើក​បរ​បានងងុយដេក និងលង់លក់មួយភាំងទើបបង្ក​គ្រោះថ្នាក់កើតឡើង។ ដោយឡែកចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់​ចរាចរណ៍​ក្នុងប្រទេសថៃ​នៅអំឡុងឱកាស​ចូលឆ្នាំថ្មីនេះ បើគិតចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ បានកើនឡើងដល់ទៅជាង​ ៣៧០នាក់ហើយ៕