(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានសារភាពថាសាច់ញាតិរបស់លោកមួយចំនួន បានចូលដៃចូលជើងជាមួយក្រុម ISIS ក៏ប៉ុន្តែព្រមពេលជាមួយគ្នាលោកនៅតែដាក់បញ្ជាឱ្យអាជ្ញាធរតាមប្រមាញ់អ្នកទំាងនេះរហូតដល់ទីបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៅក្នុងស្រុក The Manila Shimbun លោក ឌូតឺតេ បានថ្លែងយ៉ាងដូច្នេះថា «ជាការពិត! ខ្ញុំពិតជាសោកស្ដាយ... សោកស្ដាយខ្លាំងណាស់! ... អ្នកគឺអ្នក ខ្ញុំគឺខ្ញុំ។ ក៏ប៉ុន្តែអ្នកទាំងអស់គ្នាបានដឹងយ៉ាងច្បាស់ថាខ្ញុំធ្វើការងារដើម្បីប្រទេសជាតិ មិនមែនធ្វើការបម្រើក្រុមគ្រួសារសាច់ញាតិខ្លួនឯងនោះទេ»។
ទនឹ្ទមគ្នានោះដែរបើតាមលោក ឌូតឺតេ ក្រុមគ្រួសារសាច់ញាតិរបស់លោកដែលបានចូលរួមជាមួយក្រុម ISIS គឺជាបងប្អូនជីដូនមួយរបស់លោក ដោយក្នុងនោះមានអ្នកខ្លះជាសមាជិកក្រុមរណសិរ្សអ៊ីស្លាមម៉ូរូ (Front Moro Islamique) ខណៈអ្នកផ្សេងទៀតបានចុះចូលជាសមាជិកក្រុម ISIS។
ទោះជាយ៉ាងនេះក្ដីប្រធានាធិបតីហ្វីលីពីនរូបនេះបានធានាថា រដ្ឋាភិបាលរបស់លោកនឹងប្រើប្រាស់គ្រប់លទ្ធភាពតាមដែលធ្វើទៅបាន ដើម្បីកម្ចាត់ក្រុមឧក្រិដ្ឋជននិងភេរវករនៅទូទាំងប្រទេស៕