(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានថ្លែងថាគ្មានភស្ដុតាងណាមួយអាចបញ្ជាក់ថា រុស្ស៊ីបានជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធីបតីកាលពីថ្ងៃទី០៨ ខែវិច្ឆិកា នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន សិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។
អ្នកនាំពាក្យរបស់លោក ត្រាំ គឺលោក ស៊ីន ស៉្ពៃស៊ឺ (Sean Spicer) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News ថាគ្មានភស្ដុតាងណាមួយបញ្ជាក់ថារុស្ស៊ីបានជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកនោះឡើយ ប៉ុន្តែផ្ទុយទៅវិញវិធីសាស្ត្រដែលប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួនបានប្រើទៅវិញទេដែលបានជះឥទ្ធិពលដល់ការបោះឆ្នោតនេះ។ ជាងនេះទៅទៀតអ្នកនាំពាក្យរូបនេះក៏ធ្លាប់បានរិះគន់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ផងដែរថាបានធ្វើការសន្និដ្ឋានមុននឹងរបាយការណ៍ស៊ើបអង្កេតចុងក្រោយ ត្រូវបានលាតត្រដាង។
គួររំលឹកថារដ្ឋបាលលោក អូបាម៉ា បានចោទប្រកាន់ទីក្រុងមូស្គូកាលពីខែតុលាថា បានចូលលួច (Hack) ព័ត៌មានរបស់ស្ថាប័ននយោបាយអាមេរិក និងមន្ត្រីក្នុងជួរគណបក្សប្រជាធិបតេយ្យជាច្រើនដើម្បីលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកហើយតាមរយៈការចោទប្រកាន់នេះ ទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្តបណ្ដេញមន្ត្រីទូតរុស្ស៊ី ៣៥នាក់ ចេញពីសហរដ្ឋអាមេរិក ប៉ុន្តែរុស្ស៊ីនៅតែបដិសេធរាល់ការចោទប្រកាន់ទាំងនេះ៕