(ប៉េកាំង)៖ បើទោះបីជាចិននិងសហរដ្ឋអាមេរិក កំពុងតឹងសរសៃកដាក់គ្នាក្រោយពេលមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ និងប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន ក៏ដោយក៏អគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក គុយ ធានកៃ (Cui Tiankai) នៅតែបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងសម្របខ្លួនក៏ដូចជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការងារជាមួយរដ្ឋាភិបាលថ្មី របស់លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ចិន CGTN នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។
លោក គុយ ធៀនកៃ (Cui Tiankai) នៅក្នុងបទសម្ភាសន៍ជាមួយ CGTN បានលើកឡើងថា «បើយើងត្រឡប់ទៅកាន់ ០៨ឆ្នាំមុនខ្ញុំយល់ថាយើងបានដឹកនាំយ៉ាងមានប្រសិទ្ធិភាព និងលក្ខណៈស្ថាបនាក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនដោយភាគីទាំងពីរបានប្រឹងប្រែងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងគ្នា»។
ដោយឡែកឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ នឹងកិច្ចសន្ទនាតាមទូរសព្ទរវាង លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន លោក ធានកៃ បានសង្កត់ធ្ងន់ថា ក្នុងលក្ខខណ្ឌនៃទំនាក់ទំនងអាមេរិក-ចិនកិច្ចសហប្រតិបត្តិការរវាងមហាអំណាចទំាងពីរ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយលោកហាក់មិនអាចបញ្ជាក់អ្វីឲ្យស៊ីជម្រៅជាងនេះឡើយ។
គួរបញ្ជាក់ថាបើតាម លោក គុយ ធានកៃ ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក គឺឈរលើផលប្រយោជន៍រួម ដូច្នេះភាគីទំាងពីរគួរតែធ្វើការងារជាមួយគ្នាដើម្បីដោះស្រាយការខ្វែងគំនិតគ្នាទំាងឡាយ៕