(ម៉ានីល)៖ នាវាចម្បាំងសម្រាប់ប្រឆាំងនឹងនាវាមុជទឹកមួយគ្រឿងរបស់រុស្ស៉ី និងនាវាសម្រាប់ផ្គង់ផ្គង់សម្ភារៈមួយគ្រឿងទៀតនៅថ្ងៃអង្គារនេះបានមកចូលចតនៅកំពង់ផែទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីនក្នុងដំណើរទស្សនកិច្ចសុច្ឆន្ទៈមួយ ខណៈលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ មានចេតនាចង់បង្កើតទំនាក់ទំនងល្អជាមួយនឹងទីក្រុងម៉ូស្គូ។ នេះបើតាមសម្តីរបស់មន្ត្រីយោធាហ្វីលីពីន ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។
ប្រភពដដែលបានឲ្យដឹងថានាវាពិឃាតប្រឆាំងនឹងនាវាមុជទឹកឈ្មោះថា Admiral Tributs និងនាវាស្តុកប្រេងធុនធំមួយគ្រឿងទៀតឈ្មោះថា Boris Butoma ត្រូវបានប្រទេសរុស្ស៉ីបញ្ជូនមកកាន់កំពង់ផែមួយកន្លែងនៅក្នុងរដ្ឋធានីម៉ានីកាលពីយប់ថ្ងៃចន្ទម្សិលមិញ ហើយវាគឺជាការធ្វើដំណើរទស្សនកិច្ចលើកទីមួយរបស់នាវាយោធាជើងទឹកពីរគ្រឿងរបស់រុស្ស៉ី ក្នុងអំឡុងការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលកំពុងតែបង្កើតចំណងសម្ព័ន្ធភាពការទូតឲ្យបានរឹងមាំមួយជាមួយនឹងប្រទេសរុស្ស៉ី។
គួរបញ្ជាក់ដែរថា យោងតាមលោក Lued Luncuna អ្នកនាំពាក្យយោធាជើងទឹកប្រទេសហ្វីលីពីនបានលើកឡើងថា វត្តមានរបស់នាវារុស្ស៉ីទាំងពីរគ្រឿងពុំមានអ្វីខុសពីធម្មតាបន្តិចនោះឡើយ ហើយលោក Luncuna បានឲ្យដឹងដែរថា ភាគីហ្វីលីពីនបានរៀបចំសកម្មភាពជាច្រើនសម្រាប់កងទ័ពរុស្ស៉ីនៅក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ០៦ថ្ងៃរបស់ពួកគេមុនពេលនាវា Admiral Tributs និង Boris Butoma ចាកចេញទៅមាតុប្រទេសវិញនាថ្ងៃទី០៧ ខែមករា៕