(ប៉េកាំង)៖ កងម៉ារីនចិន​បានទទួលស្គាល់ហើយថា នាវាចម្បំាងចិនជាច្រើនគ្រឿងដឹកនាំដោយ​នាវា​ដឹក​យន្ដហោះ​ចម្បាំង Liaoning បានធ្វើសមយុទ្ធយោធា នៅឯតំបន់​សមុទ្រចិនខាងត្បូងហើយ ដែល​ការ​អះអាង​នេះធ្វើឡើងតែ​ ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះបន្ទាប់ពីកោះតៃវ៉ាន់ បានចោទប្រកាន់ថានាវាចិន​ជាច្រើនគ្រឿងបានធ្វើ​ដំណើរ​ឆ្លងកាត់​ចំងាយប្រហែលជា ១៤៤គីឡូម៉ែត្រ​តំបន់ដែន​ទឹករបស់ខ្លួន។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃ​អង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។

ការចល័ត​របស់នាវា​ចម្បំាងចិន​នៅតំបន់សមុទ្រ​ចិន​ខាងត្បូង​បានធ្វើឱ្យ​តៃវ៉ាន់ និងជប៉ុន​មានការព្រួយបារម្ភ ក៏ដូចជាតាមដាន​យ៉ាងយកចិត្ត​ទុកដាក់​លើសកម្មភាពនាវា​ចម្បាំង​ចិន​ទាំងនេះ។ ក៏ប៉ុន្តែ​ខាងភាគី​ទីក្រុងប៉េកាំង បញ្ជាក់​ម្ដងហើយ​ម្ដងទៀតថា ការចល័តនាវា​ចម្បាំងរបស់ខ្លួន​គ្រាន់តែ​ជា​ផ្នែកមួយ​នៃការធ្វើ​សមុយុទ្ធ​យោធា ជា​ទម្លាប់​ធម្មតា​ប៉ុណ្ណោះ ហើយអនុឡោម​ទៅតាមច្បាប់​អន្តរជាតិ។ ចំណែកឯកងទ័ពម៉ារីនចិន​ក៏បានទទួល​ស្គាល់​ដែរថា នាវាដឹកយន្ដហោះចម្បាំង Liaoning បានធ្វើសមយុទ្ធ​យោធា​ដែនសមុទ្រ រួមទំាងឧទ្ធម្ភាគចក្រ កាលពីថ្ងៃចន្ទ កន្លងទៅនៅឯតំបន់​សមុទ្រ​ចិនខាងត្បូង ប៉ុន្តែមិនបាន​បញ្ជាក់ពីទីតាំង​ជាក់លាក់នោះទេ។

គួរបញ្ជាក់ថាចិន​បានបង្កើនសកម្មភាព​យោធាកាន់តែ​ច្រើននៅក្នុងតំបន់​សមុទ្រចិនខាងត្បូង និងខាងកើត ក្រោយមានកិច្ចសន្ទនា​តាមទូរស័ព្ទ​រវាងប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន កាលពីខែធ្នូ កន្លងទៅ៕