(សេអ៊ូល)៖ មកទល់ពេលនេះសត្វមាន់និងទាសរុបជាង ៣០លានក្បាលត្រូវបានសម្លាប់ចោលយ៉ាងរង្គាល នៅប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពេល ៥០ថ្ងៃចុងក្រោយនេះ ខណៈជំងឺដ៏កាចសាហាវនេះបាន និងកំពុងបន្តរីករាលដាលពាសពេញផ្ទៃ ប្រទេសអាស៊ីភាគឦសានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៦។
គិតត្រឹមព្រឹកថ្ងៃចន្ទនេះចំនួននៃបសុបក្សីដែលត្រូវបានកម្ទេចចោល ដោយសារតែជំងឺគ្រុនផ្តាសាយបក្សីបានកើនឡើងដល់ចំនួន ៣០.៣៣លានក្បាលហើយចាប់តាំងតែពីករណីដំបូងគេត្រូវបានរកឃើញកាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះនៅឯកសិដ្ឋានមួយកន្លែងស្ថិតក្នុងស្រុក Haenam នៃខេត្ត South Jeolla ប៉ែកនិរតីនៃប្រទេសកូរ៉េខាងត្បូង។
គួរបញ្ជាក់ថាតួលេខនេះស្ទើរស្មើនឹង ២០ភាគរយនៃបស្សុបក្សីសរុបចំនួន ១៦៥.២៥លានក្បាលដែលត្រូវបានចិញ្ចឹម នៅទូទាំងប្រទេសទាំងមូល ហើយក្រសួងកសិកម្មកូរ៉េខាងត្បូង បានបង្កើនការប្រកាសអាសន្ន នៃការរីករាលដាលរបស់ជំងឺនេះ ដល់កំរិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមកនោះឡើយ៕