(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ នឹងធ្វើការពង្រីកឥទ្ធិពលនៃវិស័យពាណិជ្ជកម្មរបស់រដ្ឋបាលសហរដ្ឋអាមេរិកជាថ្មីវិញ តាមរយៈការជ្រើសរើសអ្នកជំនាញផ្នែកពាណិជ្ជកម្មពីក្រុមហ៊ុននានាមកកាន់ការធំជាជាងការប្រើប្រាស់មន្ត្រីពីការិយាល័យ នៃអ្នកតំណាងពាណិជ្ជកម្មអាមេរិក (USTR)។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិកដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៉ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។
គេហទំព័រនយោបាយដ៏ល្បីល្បាញមួយរបស់អាមេរិកមានឈ្មោះថា «The Hill» បានចេញផ្សាយថា «ស្នូលសំខាន់នៃអំណាចពាណិជ្ជកម្មទំនងជាកំពុងឃ្លាតឆ្ងាយពី ការិយាល័យនៃអ្នកតំណាងពាណិជ្ជកម្មអាមេរិក ដែលជាទីភ្នាក់ងារមួយធ្លាប់បានដឹកនាំរាល់កិច្ចចរចានានា ស្តីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ស្មុគស្មាញជាច្រើនកន្លងមកនោះ រួមមានទាំងកិច្ចព្រមព្រៀង TPP និងកិច្ចព្រមព្រៀងដ៏សំខាន់មួយរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប» ។ គេហទំព័រដដែលនេះបានគូសបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានរិះគន់ធ្ងន់ៗទៅលើ USTR សម្រាប់ការធ្វើកិច្ចចរចាទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមិនល្អៗកន្លងមក។
ប្រភពខាងលើបានឲ្យដឹងបន្ថែមថា លោក Wilbur Ross បេក្ខជនរបស់លោក ដូណាល់ ត្រាំ សម្រាប់តំណែងជារដ្ឋមន្រ្តីពាណិជ្ជកម្មត្រូវបានគេរំពឹងថា នឹងធ្វើការដឹកនាំគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅមុខឲ្យកាន់តែប្រសើរថែមទៀតជាមួយលោក Peter Navarro ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មជាតិប្រចាំនៅសេតវិមានដែលទើបនឹងបង្កើតថ្មីធ្វើជាអ្នកទំនាក់ទំនងរបស់ លោក ត្រាំ។
គេហទំព័រ The Hill បានបន្តថាលោក Navarro ទំនងជានឹងដើរតួនាទីផ្ទាល់ច្រើនជាងនៅក្នុងការចរចាគោលនយោបាយពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗដូចជាចិនជាដើម ប៉ុន្តែភាពមិនច្បាស់លាស់នៅតែមានជុំវិញប្រការថា តើលោក Jason Greenblatt អ្នកតំណាងពិសេសសម្រាប់កិច្ចចរចាអន្តរជាតិរបស់ លោក ដូណាល់ ត្រាំ នឹងធ្វើការងារជាមួយ USTR ឬមួយក៏ក្លាយជាអ្នកជំនួសតួនាទីរបស់ទីភ្នាក់ងារមួយនេះវិញដែរ ឬយ៉ាងណានោះ។
គួរបញ្ជាក់ថាមហាសេដ្ឋីអចលនទ្រព្យក្លាយជាអ្នកនយោបាយ លោក ដូណាល់ ត្រាំ បានកំណត់យកការធ្វើពាណិជ្ជកម្មគឺកត្តាដ៏សំខាន់មួយនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ហើយនិងបានអំពាវនាវឲ្យមានការផ្លាស់ប្តូរយ៉ាងថ្មីសន្លាងនៅក្នុងគោលនយោបាយពាណិជ្ជកម្ម។ លោក ត្រាំ ធ្លាប់បានប្តេជ្ញាថានឹងធ្វើការចរចាសាជាថ្មីលើកិច្ចព្រមព្រៀង NAFTA និងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង TPP ក៏ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីជុំវិញបញ្ហានេះឡើយ៕