(បាងកក)៖ រូបភាពមួយសន្លឹកត្រូវបានបង្ហាញចេញដោយសារព័ត៌មានថៃ អំពីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យតក់ស្លុតបំផុតនៅក្នុងខេត្តឈុនបុរី ដែលបានកើតឡើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ និងបានឆក់យកជីវិតមនុស្សរហូតដល់ទៅ ២៥នាក់ ឯណោះអំឡុងថ្ងៃបុណ្យចូលឆ្នាំសកលរបស់ថៃ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានបាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបានបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតនៅអំឡុងថ្ងៃឈប់សម្រាកឆ្លងឆ្នាំរបស់ប្រទេសថៃ ដែលតែងតែប្រារព្ធពិធីឆ្លងឆ្នាំយូរថ្ងៃជាងគេនៅក្នុងតំបន់ ហើយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះរដ្ឋាភិបាលថៃក៏បានចេញយុទ្ធនាការក្រើនរំលឹកឲ្យប្រជាជនទូទៅមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះតែជារៀងរាល់ឆ្នាំឲ្យតែមានពិធីបុណ្យធំៗម្តងៗ ប្រទេសថៃតែងតែបានកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនករណី និងសម្លាប់ជីវិតមនុស្សរាប់រយនាក់ ជាពិសេសបុណ្យចូលឆ្នាំ។
សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅរសៀលថ្ងៃចន្ទនោះវិញគឺបានកើតមានឡើងនៅតាមដងផ្លូវហៃវេយ៍លេខ ៣៤៤ នៃស្រុកបានប៊ុង ក្នុងខេត្តឈុងបុរី ភាគអាគ្នេយ៍ប្រទេសថៃក្បែរព្រំដែនជាមួយប្រទេសកម្ពុជា ដែលបង្កឡើងដោយរថយន្តដឹកអ្នកដំណើរ (តួរីស) បុកជុលគ្នានឹងរថយន្តហោះមួយបាំងកន្លះ បណ្តាលឲ្យបែកធុងហ្គាសនិងផ្ទះឆេះនៅហ្នឹងកន្លែងកើតហេតុតែម្តង។ ក្នុងគ្រោះថ្នាក់នោះមានមនុស្សនៅរស់តែពីរនាក់ប៉ុណ្ណោះ ដែលពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ មូលហេតុនៃគ្រោះថ្នាក់រហូតមកដល់ព្រឹកថ្ងៃអង្គារនេះ មិនទាន់មានការបញ្ជាក់ទេ៕