(ការ៉ាកាស)៖ អាជ្ញាធរវេណេស៊ុយអេឡាបានឱ្យដឹងថា មនុស្ស១៣នាក់ កំពុងបាត់ខ្លួនបន្ទាប់ពីឧទ្ធម្ភាគចក្រយោធាដ៏ធំមួយគ្រឿងបានធ្លាក់កាលពីថ្ងៃទី៣០ ខែធ្នូ នៅក្នុងផ្លូវហោះហើរពីទីក្រុង Puerto Ayacucho ទៅកាន់ទីក្រុង La Esmeralda នៃរដ្ឋ Amazonas។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។
ជុំវិញហេតុការណ៍នេះដែរនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយស្ថានីយ៍វិទ្យុ Union Radio អភិបាលតំបន់ លោក Liborio Guarulla បានបញ្ជាក់ថាឧទ្ធម្ភាគចក្រយោធាខាងលើអាចធ្លាក់ នៅពេលកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ក្នុងទីក្រុង La Esmeralda ជាមួយមនុស្ស១៣នាក់ដែលជិះនៅលើនោះដោយក្នុងចំណោមពួកគេមានយោធា០៨នាក់ និងជនស៊ីវិល០៥នាក់នៅតែបន្តបាត់ខ្លួននៅឡើយ ខណៈប្រតិបត្តិការជួយសង្រ្គោះកំពុងធ្វើឡើង។
គួរបញ្ជាក់ថាបើតាមលោក Liborio Guarulla អាជ្ញាធរវេណេស៊ុយអេឡាមិនទាន់ទទួលបានព័ត៌មានជាក់លាក់ណាមួយនៅឡើយទេស្របពេលពួកគេកំពុងកំណត់ទីតាំងធ្លាក់របស់ឧទ្ធម្ភាគចក្រយោធាខាងលើ៕