(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បាននិយាយថាកូរ៉េខាងជើង នឹងមិនអាចបញ្ចប់ទាំងស្រុងនោះឡើយនូវអាវុធនុយក្លេអ៊ែរ ដែលអាចមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិកដោយថែមទាំងអះអាងថា រឿងនេះនឹងមិនអាចកើតឡើងជាដាច់ខាត។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នាលោក ត្រាំ ផ្ទាល់មិនបានបញ្ជាក់ពីវិធានការរារាំងរបបដឹកនាំទីក្រុងព្យុងយ៉ាងនោះទេ ខណៈកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោងកូរ៉េខាងជើងត្រូវបានគេមើលឃើញថា កាន់តែរីកចំរើនទៅមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរថ្លែងនៅលើបណ្តាញសង្គម Twitter លោក ត្រាំ បានឆ្លៀតរិះគន់ទីក្រុងប៉េកាំងថាបានទាញយកផលប្រយោជន៍ពីទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក ប៉ុន្តែចិនមិនចង់ជួយដោះស្រាយរឿងកូរ៉េខាងជើង។ «ចិនបានទាញយកប្រាក់និងធនធានដ៏ច្រើនលើសលប់ក្នុងវិស័យពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមិនចង់ជួយដោះស្រាយរឿងកូរ៉េខាងជើងឡើយ»។ នេះបើតាមការសរសេររៀបរាប់របស់លោក ត្រាំ នៅលើគណនី Twitter ផ្លូវការ។
គួរបញ្ជាក់ថាការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករា ខាងមុខនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងថាទីក្រុងព្យុងយ៉ាងបានឈានដល់ដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទី្វប ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ដល់សហរដ្ឋអាមេរិក តែយ៉ាងណាបើតាមក្រុមអ្នកជំនាញមួយចំនួន កូរ៉េខាងជើងត្រូវការរយៈពេលជាច្រើនឆ្នាំបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាមីស៊ីល ICBM នេះ៕