(ប្រេស៊ីល)៖ អាជ្ញាធរប្រេស៊ីល បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់ ៥០នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះ ទង្គិចគ្នាដ៏សាហាវមួយរវាងក្រុមបងធំ នៅឯពន្ធនាគារមួយកន្លែងស្ថិតក្នុងទីក្រុង Manaus នៃរដ្ឋ Amazon។ នេះបើតាមស្ថានីយ៍ ទូរទស្សន៍ Globo TV network ដែលចុះផ្សាយបន្តដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។
ថ្លែងប្រាប់ស្ថានីយ៍ទូរទស្សន៍ Globo TV network ប្រធានសន្តិសុខនៃរដ្ឋ Amazon លោក Sergio Fontes បានឱ្យដឹងថា លោក មានការបារម្ភដោយខ្លាចក្រែងចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះ ខណៈអាជ្ញាធរ សន្និដ្ឋានថា ការប៉ះទង្គិចដែលបានកើត ឡើងនៅថ្ងៃអាទិត្យម្សិលមិញ គឺអាចបង្ករឡើងដោយសារជម្លោះរវាងក្រុមបងធំនៅក្នុងពន្ធនាគារ Manaus។
សូមជំរាបថា ក្រុមអង្គការឃ្លំាមើលសិទ្ធិមនុស្សអន្តរជាតិ ធ្លាប់បានរិះគន់យ៉ាងខ្លាំង ចំពោះការគ្រប់គ្រងប្រព័ន្ធពន្ធនាគាររបស់អាជ្ញាធរប្រេស៊ីល ដែលជារឿយៗតែងតែបណ្ដាលឱ្យ រឿងបែបនេះកើតឡើង៕