(បាដាដ)៖ មនុស្សចំនួន ៣៥នាក់បានបាត់បង់ជីវិត និង៦១នាក់ផ្សេងទៀតបានទទួលរងរបួសក្នុងហេតុការណ៍បំផ្ទុះរថយន្តមួយគ្រឿងក្នុងទីប្រជុំជន នៃក្រុមអ៉ីស្លាមនិកាយស៉ីអ៉ីតមួយកន្លែង ដែលស្ថិតនៅភាគខាងកើតរដ្ឋធានីបាកដាដរបស់ប្រទេសអ៉ីរ៉ាក់។ នេះបើតាមការអះអាងពីក្រសួងមហាផ្ទៃ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។
មន្ត្រីខាងលើបានថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ឲ្យដឹងយ៉ាងដូច្នេះថា «របាយការណ៍ចុងក្រោយបំផុតបានបញ្ជាក់ថា ជនរងគ្រោះចំនួន ៣៥នាក់បានស្លាប់ និង៦១នាក់ផ្សេងទៀតបានទទួលរបួស ដោយសារការបំផ្ទុះរថយន្តមួយគ្រឿងនៅក្នុងតំបន់ទីក្រុង Sadr ហើយហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងមុនពេលរសៀលនៅពេលដែលរថយន្តបង្កៃដោយគ្រាប់បែកត្រូវបានជនដៃដល់បំផ្ទុះនៅចំផ្លូវបំបែកលេខ ៥៥ ដែលពោរពេញទៅដោយមនុស្សម្នាក្នុងទីប្រជុំជន របស់ក្រុមអ៉ីស្លាមនិកាយស៉ីអ៉ីតនៃទីក្រុង Sadr ភាគខាងកើតនៃរដ្ឋធានីរបស់ប្រទេសអ៉ីរ៉ាក់»។
គួរបញ្ជាក់ថា ខណៈពេលនេះពុំទាន់មានក្រុមសកម្មប្រយុទ្ធណាមួយចេញមុខអះអាងថា ជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារអត្តឃាតខាងលើនេះនៅឡើយនោះទេ ប៉ុន្តែក្រុមរដ្ឋអ៉ីស្លាម ISIS ដែលជារឿយៗបានប្រពឹត្តអំពើដ៏ឃោរឃៅបែបនេះទៅលើកម្លាំងសន្តិសុខអ៉ីរ៉ាក់ ក៏ដូចជានៅតាមតំបន់ទីប្រជុំជនរួមមានទាំងផ្សារ, ហាងកាហ្វេ, និងព្រះវិហារនៅទូទាំងប្រទេសអ៉ីរ៉ាក់នោះ ត្រូវបានគេជឿជាក់ថាជានៅពីក្រោយករណីនេះ៕