(ញូដេលី)៖ មួយរយៈពេលចុងក្រោយនេះ ប្រទេសឥណ្ឌាបានធ្វើតេស្តសាកល្បង គ្រាប់មីស៊ីលជាច្រើនលើកដោយវាបានសម្រេចជោគជ័យទាំងស្រុង ហើយនៅថ្ងៃទី០២ ខែមករា ដើមឆ្នាំថ្មីនេះឥណ្ឌាបានបាញ់សាកល្បងគ្រាប់មីស៊ីលប្រភេទ Agni-IV ជាមួយនឹងជើងទម្រចល័តប្រកបដោយជោគជ័យបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។
មីស៊ីលប្រភេទឆ្លងទ្វីប និងត្រូវបានអភិវឌ្ឍន៍នៅក្នុងស្រុកខាងលើនេះ ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ១១៖៥០នាទីថ្ងៃត្រង់ម៉ោងនៅទីក្រុងញូដេលី ដែលវាបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់កងទ័ពឥណ្ឌា ក្នុងការឈានទៅរកការគ្រប់គ្រងប្រព័ន្ធបាញ់គ្រាប់មីស៊ីលដោយខ្លួនឯង។ សារព័ត៌មានឥណ្ឌាបានចេញផ្សាយជុំវិញភាពជោគជ័យនេះថា «គ្រាប់មីស៊ីល Agni-IV មានកម្ពស់ ២០ម៉ែត្រ និងទម្ងន់ ១៧តោន ដែលអាចមានលទ្ធភាពបំពាក់ក្បាលគ្រាប់មីស៊ីលទម្ងន់ ១តោន និងហោះបានចម្ងាយ ៤,០០០គីឡូម៉ែត្រ»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះប្រទេសឥណ្ឌាក៏ទើបតែទទួលបានជោគជ័យផងដែរ ក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីលប្រភេទ Agni-V រយៈចម្ងាយឆ្ងាយ។ ការធ្វើតេស្តមីស៊ីលរបស់ឥណ្ឌា កើតមានឡើងខណៈដែលភាពតានតឹងជាមួយប្រទេសប៉ាគីស្ថាន មិនទាន់ធូរស្រាល ជាពិសេសការប៉ះទង្គិចគ្នាជារឿយៗនៅតំបន់ព្រំដែនកាស្មៀ ដែលកំពុងប្រទាញប្រទង់គ្នារវាងអតីតប្រទេសសាច់ឈាមតែមួយ ទាំងពីរនេះ៕