(អ៊ីស្ដង់ប៊ូល)៖ នៅទីបំផុតក្រុម ISIS នៅថ្ងៃចន្ទនេះបានចេញមុខអះអាងទទួលស្គាល់ថា ការវាយប្រហារភេរវកម្មបាញ់សម្លាប់មនុស្ស ៣៩នាក់ នៅឯក្លឹបរាត្រីមួយកន្លែងក្នុងទីក្រុងអ៊ីស្ដង់ប៊ូលកាលពីថ្ងៃឆ្លងឆ្នាំសកលកន្លងទៅជាទង្វើរបស់ក្រុមខ្លួន ខណៈអាជ្ញាតួកគីក៏បានសន្និដ្ឋានដែរថា ភេរវករដែលកំពុងរត់គេចខ្លួនអាចមកពីប្រទេស កៀហ្ស៊ីស៊ីស្ថាន ឬអ៊ូបេគីស្ថាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានតួកគី Hurriyet Daily ប៉ូលិសតួកគី និងទីភ្នាក់ងារចារកិច្ច បានទទួលដំណឹងពីសហរដ្ឋអាមេរិកជុំវិញ ហានិភ័យនៃការវាយប្រហារភេរវកម្មពីសំណាក់ក្រុម ISIS កាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅ ដោយថែមទាំងអះអាងថាក្រុម ISIS អាចនឹងដឹកនាំសកម្មភាពវាយប្រហារនៅក្នុងទីក្រុង អ៊ីស្ដង់ប៊ុល និងអង់ការ៉ា។
បន្ថែមពីលើនេះ សារព័ត៌មាន Hurriyet បានបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតក៏បានសន្និដ្ឋានដែរថា ភេរវករខាងលើអាចមានជាប់ ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ដែលបានសម្លាប់មនុស្ស ៤៧នាក់កាលពីខែមិថុនានៅឯអាកាសយានដ្ឋាន Atatürk ក្នុងទីក្រុងអ៊ីស្ដង់ប៊ូល៕