(អ៉ីស្ដង់ប៊ូល)៖ អាជ្ញាធរតួកគីកំពុងជឿជាក់ថា ភេរវករដែលបានបាញ់ប្រហារសម្លាប់មនុស្ស ៣៩នាក់ នៅឯក្លឹបរាត្រីមួយកន្លែងក្នុងទីក្រុងអ៉ីស្ដង់ប៊ូល កាលពីថ្ងៃឆ្លងឆ្នាំសកលកន្លងទៅអាចមានទំនាក់ទំនងជាមួយក្រុម ISIS ហើយជនដែលកំពុងរត់គេចខ្លួនរូបនេះ អាចមកពីប្រទេស កៀហ្ស៊ីស៊ីស្ថាន ឬអ៊ូបេគីស្ថាន។ នេះបើតាមសារព័ត៌មានតួកគី Hurriyet ចុះផ្សាយបន្តដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងដែរថា ប៉ូលិសតួកគី និងទីភ្នាក់ងារចារកិច្ចបានទទួលដំណឹងពីសហរដ្ឋអាមេរិក ជុំវិញហានិភ័យនៃការវាយប្រហារភេរវកម្មពីសំណាក់ក្រុម ISIS កាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅដោយថែមទាំងអះអាងថាក្រុម ISIS អាចនឹងដឹកនាំសកម្មភាពវាយប្រហារនៅក្នុងទីក្រុង អ៉ីស្ដង់ប៊ុល និងអង់ការ៉ា។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្ដីអាជ្ញាធរតួកគី នៅមិនទាន់បញ្ជាក់ពិតប្រាកដពីអ្នកទទួលខុសត្រូវនៅឡើយទេ ខណៈប៉ូលិសកំពុងតាមប្រមាញ់បុរសម្នាក់ដែលគេជឿជាក់ថា ជាភេរវករនៃការវាយប្រហារក្នុងក្លឹបរាត្រី Reina nightclub។
គួរបញ្ជាក់ថាបើតាមសារព័ត៌មាន Hurriyet ក្រុមអ្នកស៊ើបអង្កេតក៏បានសន្និដ្ឋានដែរថា ភេរវករខាងលើ អាចមានជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ដែលបានសម្លាប់មនុស្ស ៤៧នាក់កាលពីខែមិថុនា នៅឯអាកាសយានដ្ឋាន Atatürk ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប៉ុន្តែគេមិនទាន់ហ៊ានអះអាងថាច្បាស់លាស់នោះឡើយ ត្រូវរង់ចាំការស៊ើបអង្កេតរកភស្តុតាងបន្ថែមទៀត៕