(បាងកក)៖ ប្រទេសថៃនឹងត្រូវលើកគំរោងរៀបចំការបោះឆ្នោត ដែលរដ្ឋាភិបាលធ្លាប់បានអះអាងថា នឹងរៀបចំធ្វើឡើងនៅអំឡុងដើមឆ្នាំ២០១៧ នេះ ហើយអះអាងថា វាអាចនឹងអូសបន្លាយរហូតដល់ឆ្នាំ២០១៨ ដើម្បីទុកពេលឲ្យមានការរៀបចំច្បាប់មួយចំនួនឡើងវិញ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia ដកស្រង់ពី Reuters នារសៀលថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។
ការលើកឡើងដូចខាងលើនេះ ធ្វើឡើងដោយសមាជិកសភាមួយរូបគឺលោក Somjet Boonthanom នៃរដ្ឋាភិបាលយោធាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលធ្លាប់បានអះអាងថា គ្មានការពន្យារពេលនោះឡើងសម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសថៃ ដែលនឹងធ្វើឡើងនៅដើមឆ្នាំ២០១៧ នោះបានលើកឡើងយ៉ាងដូច្នេះប្រាប់ Reuters ថា «ការបោះឆ្នោតនឹងអាចពន្យារពេល រហូតដល់ខែមីនា ឬក៏មេសា ឆ្នាំ២០១៨ ខាងមុខនេះ»។
ទោះបីជាបែបនេះក្តីអ្នកនាំពាក្យរដ្ឋាភិបាលមួយរូបគឺលោកឧត្តមសេនីយ៍ Sansern Kaewkamnerd បានលើកឡើងផ្ទុយពីសមាជិកសភាខាងលើនេះថា «ការរៀបចំការបោះឆ្នោតកំពុងតែប្រព្រឹត្តទៅនៅក្នុងឆ្នាំនេះ ខណៈដែលរដ្ឋាភិបាលក៏កំពុងព្យាយាមសម្រួលក្នុងការប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលវិញ។ វាជារឿងដែលរដ្ឋាភិបាលយកចិត្តទុកដាក់ជាយូរណាស់មកហើយ ដូច្នេះអ្វីគ្រប់យ៉ាងកំពុងតែដំណើរការទៅមុខ»។
គួរបញ្ជាក់យោធាបានធ្វើរដ្ឋប្រហារឈាមត្រជាក់ ទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីអំណាចកាលពីខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីលោកស្រីបានឈ្នះឆ្នោត និងកាន់អំណាចបាន ១,០០០ថ្ងៃ។ គិតចាប់តាំងពីឆ្នាំ១៩៣២មក ប្រទេសថៃបានកើតមានរដ្ឋប្រហារចំនួន ១២លើក ដែលជាតួលេខខ្ពស់មួយនៅលើសកលលោក។ ដោយឡែកនៅក្នុងតំណាក់កាលកាន់ទុក្ខអតីតព្រះមហាក្សត្រ ដែលបានសោយទិវង្គតកាលពីខែតុលា ឆ្នាំ២០១៦ នោះវាអាចនឹងមិនទាន់ជាពេលសាកសមឡើយសម្រាប់រៀបចំការបោះឆ្នោត ខណៈការកាន់ទុក្ខនឹងត្រូវអូសបន្លាយពេញមួយឆ្នាំឯណោះ៕