(សេអ៊ូល)៖ អ្នកជំនាញលោកខាងលិចបានវាយតម្លៃថា បើសិនជាមីស៊ីលផ្លោង MSBS បាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងជើងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់មួយតោននោះ វាអាចមានឥទ្ធិពលគ្របដណ្ដប់ ឬបំផ្លាញប្រទេសកូរ៉េខាងត្បូងទាំងមូលតែម្ដង ហើយដែលការអះអាងឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំរបបទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន មានគំរោងបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប (អាចបាញ់ដល់សហរដ្ឋអាមេរិក) ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។
លោក Theodore Posto ជាសាស្ត្រាចារ្យមកពីវិទ្យាស្ថានបច្ចេកវិទ្យានៃរដ្ឋ Massachusett និងអ្នកជំនាញខាងមីស៊ីលផ្លោងម្នាក់ទៀតគឺលោក Markus Schiller បានគូសបញ្ជាក់ថា នៅពេលមីស៊ីលផ្លោង កូរ៉េខាងជើង MSBS ឈ្មោះថា KN-11 អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់មួយតោនវាអាចបាញ់ចេញក្នុងរយៈចំងាយ ៦០០គីឡូម៉ែត្រហើយបើសិនជាទម្ងន់ ១,៥តោននោះវាអាចបាញ់បានចំងាយតែ ៤៥០គីឡូម៉ែត្រប៉ុណ្ណោះ ហើយមិនតែប៉ុណ្ណោះមីស៊ីលប្រភេទនេះ អាចនឹងមានសមត្ថភាពកម្ទេចកូរ៉េខាងត្បូងទាំងមូល ខណៈអ្នកជំនាញទាំងពីរក៏បានព្រមានដែរថា មីស៊ីល KN-11 ដែលប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលរួមរវាងប្រទេស ប៉ាគីស្ថាន និងអ៊ីរ៉ង់ទំនងជាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលហោះហើរក្នុងរយៈចំងាយរហូតដល់ទៅ ៨០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថានៅពេលបច្ចុប្បន្នកូរ៉េខាងជើង អាចមានក្បាលគ្រាប់នុយក្លេអ៊ែរ ពី១៤ ដល់៣៣គ្រាប់ ហើយមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរពី ០៨ ទៅ ០៩គ្រាប់ក្នុងមួយឆ្នាំ។ នេះបើតាមអ្នកជំនាញអាមេរិក លោក Siegfried S. Hecker។ ជាងនេះទៅទៀតកាលពីខែសីហា ឆ្នាំ២០១៦ កូរ៉េខាងជើងបានបាញ់សាកល្បងប្រកបដោយជោគជ័យនូវមីស៊ីលផ្លោង MSBS ដែលអាចហោះបានចំងាយ ៥០០គីឡូម៉ែត្រ ស្របពេលអ្នកជំនាញមួយចំនួននៅតែសង្ស័យចំពោះសមត្ថភាពមីស៊ីលកូរ៉េខាងជើង ក៏ប៉ុន្តែនៅពេលនេះ អ្វីដែលគេប្រាកដមិនអាចប្រកែកបាន នោះគឺបចេ្ចកវិទ្យាមីស៊ីល និងអាវុធនុយក្លេអ៊ែរ របស់លោក គីម ជុងអ៊ុន កាន់តែរីកចំរើន ទៅមុខតាមរយៈការធ្វើតែស្តដែលជាភស្តុតាងជាក់ស្តែងកន្លងមក៕