(ហូជីមិញ)៖ វៀតណាមបានបង្ហាញសញ្ញាវិជ្ជមានដ៏គួរឲ្យកត់សម្គាល់ក្នុងការបន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០១៦ កន្លងទៅនេះ បើប្រៀបធៀបទៅនឹងតួលេខឆ្នាំ២០១៥ ដោយគ្រោះថ្នាក់ចរាចរណ៍សរុបមានចំនួន ២១,៥៨៩ករណីបានកើតមានឡើងនៅក្នុងប្រទេសនៃតំបន់អាស៉ីអាគ្នេយ៍មួយនេះ នាឆ្នាំ២០១៦ ហើយករណីទាំងនោះ បានឆក់យកជីវិតមនុស្ស ៨,៦៨៥នាក់, ធ្វើឲ្យរបួសស្រាល ១៣,១០០នាក់, និងរបួសធ្ងន់៦,១៨០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៦។
ធៀបនឹងឆ្នាំ២០១៥ ចំនួនករណីគ្រោះថ្នាក់ចរាចរណ៍បានធ្លាក់ចុះនៅក្នុងអត្រា ៥.៥ភាគរយ ខណៈចំនួនអ្នកស្លាប់បានថយចុះក្នុងអត្រា ០.៥ភាគរយ និងចំនួនអ្នករងរបួសស្រាលក៏បានថយចុះនៅក្នុងអត្រា ១៣.២ភាគរយ។ សរុបជាមធ្យមក្នុងមួយថ្ងៃៗប្រទេសវៀតណាមមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥៩ករណីហើយបានសម្លាប់មនុស្សចំនួន ២៤នាក់ និងបង្ករបួសស្នាម ៥៣នាក់។
គួរបញ្ជាក់ថាចំនួនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសវៀតណាម ត្រូវបានគេព្យាករណ៍ថា នឹងថយចុះកាន់តែខ្លាំងបន្ថែមទៀតនាពេលអនាគត ដោយសារតែកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាម នៅក្នុងការអប់រំប្រជាពលរដ្ឋដែលជាពិសេសនោះ គឺការរឹតបន្តឹងច្បាប់ចរាចរណ៍ជាកាន់តែខ្លាំង៕