(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង JoongAng ilbo ផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាណបានរាយការណ៍ថាក្រុមហ៊ុន Samsung នឹងប្រកាសនៅក្នុងខែមករានេះ ពីលទ្ធផលនៃការស៊ើបអង្កេតស្ដីពីមូលហេតុដែលធ្វើឱ្យទូរស័ព្ទដៃទំនើប Galaxy Note 7 មួយចំនួនជួបបញ្ហា។ ប៉ុន្តែព្រមពេលជាមួយគ្នា អ្នកនាំពាក្យក្រុមហ៊ុនទូរស័ព្ទដៃកំពូលលើលោកមួយនេះ បានបដិសេធក្នុងការធ្វើអាត្ថាធិប្បាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។
កាលពីខែតុលា កន្លងទៅ ក្រុមហ៊ុន Samsung ធ្លាប់បានឱ្យដឹងដែរថា កតា្តរួមផ្សំមួយចំនួន អាចជាមូលហេតុធ្វើឱ្យ Galaxy Note 7 ផ្ទុះឆេះដែលបានធ្វើឱ្យផលចំណេញពីប្រតិបត្តិការអាជីវកម្ម ខាតបង់ដល់ទៅ ៥.១ពាន់លានដុល្លារអាមេរិក រយៈពេលបីត្រីមាសបន្ទាប់ពីក្រុមហ៊ុន សម្រេចចិត្តបញ្ឈប់ការលក់ទាំងស្រុងនូវទូរស័ព្ទ Galaxy Note 7 កាលពីខែតុលា។
គួរបញ្ជាក់ថាបើតាមក្រុមអ្នកវិនិយោគ និងអ្នកវិភាគលើក្រុមហ៊ុន Samsung ត្រូវតែបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យ Note 7 ផ្ទុះឆេះដើម្បីកសាងឡើងវិញនូវទំនុកចិត្តពីអតិថិជន និងបញ្ជៀសរឿងបែបនេះកើតឡើងជាសាថ្មី។ កន្លងមកក្រុមហ៊ុន Samsung ដែលតែងតែជាប់លេខ ១ នៅលើពិភពលោកលើផ្នែកបច្ចេកវិទ្យា និងការបង្កើតថ្មី ដែលមានតម្រូវតាមចិត្តអតិថិជនជានិច្ច ហើយក្រោយពី Galaxy Note 7 ជួយបញ្ហា ក្រុមហ៊ុនក៏បានធ្វើការដោះស្រាយបញ្ហាភ្លាមៗ ដល់អថិជនទាំងអស់ជាទីគាប់ចិត្តផងដែរ៕