(ប៉េកាំង)៖ រដ្ឋាភិបាលចិនដាច់ខាតនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ ប្រើប្រាស់ទីក្រុងហុងកុងធ្វើជាមូលដ្ឋាន ដើម្បីបង្កើតការបះបោរណាមួយប្រឆាំងនឹងប្រទេសចិន ឬដើម្បី ធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយរបស់ទីក្រុងមួយនេះបានឡើយ។ នេះបើតាមសម្តីមន្រ្តីជាន់ខ្ពស់ខាងបញ្ហាដែនដីរបស់ទីក្រុងប៉េកាំង ដែលចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍រដ្ឋចិននាយប់ថ្ងៃអាទិត្យ លោក Zhang Xiaoming ប្រធានការិយាល័យទំនាក់ទំនងចិននៅក្នុងទីក្រុងហុងកុង បានគូសបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងមិនលូកដៃចូលក្នុងកិច្ចការ ឬបញ្ហាណាដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ ស្វ័យភាពរបស់ទីក្រុងហុងកុងនោះឡើយ។
លោក Zhang បាននិយាយយ៉ាងដូច្នេះថា «ពុំមានជនណាមួយត្រូវបានផ្តល់សិទ្ធិអនុញ្ញាតឲ្យធ្វើអ្វីៗនៅក្នុងទម្រង់ណាមួយដែលអន្តរាយដល់ អធិបតេយ្យភាព និងសន្តិភាពរបស់ប្រទេសចិនឡើយ ហើយពួកគេក៏មិនអាចប្រឆាំង ឬសួរដេញដោលចំពោះសិទ្ធិអំណាចរបស់រដ្ឋាភិបាលប៉េកាំង ឬសូម្បីច្បាប់មូលដ្ឋានរបស់ទីក្រុងហុងកុងផងដែរ។ ម៉្យាងវិញទៀតពុំមាននរណាម្នាក់អាចប្រើប្រាស់ទីក្រុងស្វយ័តមួយនេះ ធ្វើជាឈ្នាន់សម្រាប់បង្កជាសកម្មភាពបះបោរឈ្លានពានទាំងឡាយ ដែលប្រឆាំងនឹងប្រទេសចិនសំដៅធ្វើឲ្យខូចស្ថិរភាពសង្គមក៏ដូចជានយោបាយនោះដែរ»។
គួរបញ្ជាក់ថាមេដឹកនាំនៃប្រទេសចិន កំពុងតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីចលនាទាមទារឯករាជ្យដ៏ថ្មីថ្មោងនៅក្នុងទីក្រុងហុងកុង ដែលបានវិលត្រឡប់មកស្ថិតក្រោមការគ្រប់គ្រងរបស់ចិនវិញកាលពីឆ្នាំ១៩៩៧ ជាមួយនឹងការសន្យានៃស្វ័យភាពដែលមានហៅថា «ប្រទេសតែមួយ, ប្រព័ន្ធគ្រប់គ្រងពីរ» និងការធ្វើបាតុកម្មមួយចំនួននៅក្នុងទីក្រុង ជាពិសេសបញ្ហាតំណាងរាស្ត្រវ័យក្មេងពីររូប ដែលជាប់ឆ្នោតហើយមិនបានចូលក្នុងសភា ដោយសារតែមិនព្រមបង្ហាញការស្មោះត្រង់នឹងទីក្រុងប៉េកាំង៕