(អ៉ីស្តង់ប៊ុល)៖ មនុស្សដែលបានបាត់បង់ជីវិតនៅក្រោយការវាយប្រហារភេរវកម្មនាយប់ថ្ងៃឆ្លងឆ្នាំសកលក្នុងក្លឹបកម្សាន្តរាត្រីដ៏ល្បីឈ្មោះមួយកន្លែងក្នុងទីក្រុងអ៉ីស្តង់ប៊ុល ភាគច្រើនជាជនបរទេសដោយនៅក្នុងចំណោមអ្នកស្លាប់ទាំង ៣៩នាក់មានជនជាតិបរទេសរហូតដល់ទៅ ២៨នាក់មកពីប្រទេសចំនួន០៩។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។
ប្រភពដដែលបានបញ្ជាក់ថា មកទល់ពេលនេះសាកសពមនុស្សចំនួន ៣៥នាក់ត្រូវបានគេកំណត់អត្តសញ្ញាណបានហើយ ជាមួយនិងមនុស្ស២០នាក់ត្រូវបានអះអាងថាមកពីក្រៅប្រទេស ដោយរួមមានទាំងព្រះរាជាណាចក្រ អារ៉ាប៊ី សាអ៊ូឌីត (០៧នាក់), អ៉ីរ៉ាក់ (០៤នាក់), ទុយនីស៉ី (០២នាក់), ស៉ីរី (០១នាក់), អ៉ីស្រាអែល (០១នាក់), លីប៊ង់ (០១នាក់), និង គុយវ៉ែត (០១នាក់), រីឯក្នុងចំណោមជនជាតិតួកគីទាំង ១១នាក់ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ មានម្នាក់មានដើមកំណើតប៊ែលហ្សិក។
យោងតាមអាជ្ញាធរតួកគី ខ្មាន់កាំភ្លើងម្នាក់បានសំរុកចូលទៅក្នុងក្លឹបកម្សាន្តមួយកន្លែងមានឈ្មោះថា Reina ដែលស្ថិតនៅក្នុងសង្កាត់ Besiktas រួចហើយបានបើក ការបាញ់ប្រហារ ទៅលើមនុស្សរាប់រយនាក់ ដែលកំពុងជួបជុំគ្នាដើម្បីចូលរួមអបអរសាទរឱកាសចូលឆ្នាំសកល ដោយបានសម្លាប់មនុស្សចំនួន ៣៩នាក់ និងធ្វើឲ្យមនុស្ស ៦៩នាក់ផ្សេងទៀតរងរបួសដែលមានបួននាក់ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរខ្លាំងទៀតផង។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នកម្លាំងប៉ូលិសបាននិងកំពុងដឹកនាំប្រតិបត្តិការតាមរកប្រភពដើមនៃខ្មាន់កាំភ្លើង ដែលត្រូវបានគេបាញ់សម្លាប់នៅហ្នឹងកន្លែង ដោយសារតែ ជនរូបនេះបានស្លៀកខោអាវតាណូអែល បន្លំខ្លួនចូលទៅក្នុងក្លឹបកម្សាន្ត។ ប៉ូលិសតួកគីមិនទាន់បានបញ្ជាក់អត្តសញ្ញាណ ឬក៏បង្ហាញមុខក្រុមណាមួយដែលស្ថិតនៅពីក្រោយរឿងនេះនៅឡើយទេ រហូតមកទល់នឹងថ្ងៃចន្ទ ដើមសប្តាហ៍ថ្មីនេះ៕