(សេអ៊ូល)៖ ប៉ូលិសដាណឺម៉ាកនៅថ្ងៃចន្ទនេះ បានសម្រេចឃាត់ខ្លួនកូនស្រីលោកស្រី ឆយ ស៊ូនស៊ីល ជាមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ហើយក៏ជាដើមចមនៃរឿងអាស្រូវពុករលួយនយោបាយដែលបានធ្វើឱ្យលោកស្រី ផាក ត្រូវសភាបោះឆ្នោតទម្លាក់ពីតំណែងកាលពីខែធ្នូ។ នេះបើតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង ខាងភាគីប៉ូលិសដាណឺម៉ាកបានឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា កូនស្រីរបស់ស្ត្រី ឆយ ស៊ូនស៊ីល ឈ្មោះថា ជុង យូរ៉ា (Chung Yoo-ra) ត្រូវបានចាប់ខ្លួនពីបទស្នាក់នៅដោយខុសច្បាប់ហើយដែលការឃាត់ខ្លួននេះទៀតសោត ធ្វើឡើងបន្ទាប់ពីក្រុមរដ្ឋអាជ្ញាបានស្នើសុំកិច្ចសហការពីប៉ូលិលអន្តរជាតិដោយបញ្ចូលឈ្មោះ ជុង យូរ៉ា ទៅក្នុងបញ្ជីឈ្មោះតាមចាប់ខ្លួនក្រោយពេលបានបដិសេធឆ្លើយសំណួររបស់ក្រុមអ្នកស៊ើបអង្កេតដែលបានចោទថា រូបនាងថាប្រើឈ្មោះម្ដាយ និងប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីទទួលបានផលប្រយោជន៍ ពីសាកលវិទ្យាល័យ Seoul-based Ewha Womans។
គួរបញ្ជាក់ថាប៉ូលិសកូរ៉េខាងត្បូង នៅមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ជុំវិញការចាប់ខ្លួននេះ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតអះអាងថា នឹងស្វែងរកកិច្ចសហការពីប៉ូលិសដាណឺម៉ាក ក្នុងការធ្វើបត្យាប័នស្រ្តី ជុង យូរ៉ា មកកាន់កូរ៉េខាងត្បូង៕