(សេអ៊ូល)៖ ពាក្យសម្តីចេញពីមាត់របស់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវគេព្យួរអំណាចលោកស្រី ផាក គឺនហេ ថ្លែងនៅក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០១៧នេះ គឺលោកស្រីបានប្រកែក នូវរាល់ការចោទប្រកាន់ទាំងអស់មកលើលោកស្រី ដោយអះអាងថា វាសុទ្ធតែជារឿងប្រឌិត និងកុហកទាំងអស់។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧។
លោកស្រី ផាក បានថ្លែងយ៉ាងដូច្នេះទៀតថា លោកស្រី ឆយ ស៊ូនស៊ីល គឺជាមិត្តជិតស្និទ្ធរបស់លោកស្រីជាយូរយាណាស់មកហើយ ប៉ុន្តែគឺស្ថិតនៅ «ក្នុងនាមជាអ្នកស្គាល់គ្នាប៉ុណ្ណោះ» ដោយស្រី ឆយ មិនធ្លាប់បានទទួលការអនុញ្ញាតណាមួយឲ្យប្រើឥទ្ធិពល និងអំណាចប្រធានាធិបតី ឲ្យលូកលាន់កិច្ចការងាររដ្ឋដូចការចោទប្រកាន់ទាំងអស់នោះឡើយ។
គួរបញ្ជាក់ថា នេះជាការចេញមុខបកស្រាយជាសាធារណលើកដំបូងហើយ ចាប់តាំងពីការចាត់វិធានការស៊ើបអង្កេត ដោយក្រុមរដ្ឋអាជ្ញាធរទៅលើរូបលោកស្រី នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦។ បច្ចុប្បន្នលោកស្រីនៅតែស្ថិតនៅក្នុងអំឡុងការស៊ើបអង្កេត ពីសំណាក់ក្រុមរដ្ឋអាជ្ញាធរពិសេស ដែលមានរយៈពេល១៨០ថ្ងៃ។ កន្លងមកលោកស្រី ផាក មិនធ្លាប់បានធ្វើការសូមទោសទៅកាន់ប្រជាជាតិ កូរ៉េខាងត្បូងនោះទេ ប៉ុន្តែលោកស្រីបានសូមទោស ចំពោះការធ្វេសប្រហែសលើចំណង មិត្តភាពជាមួយលោកស្រី ឆយ ដែលនាំឲ្យមនុស្សមួយចំនួនមានការយល់ច្រឡំ៕