(ហ្សាការតា)៖ សាឡង់ដឹកដំណើរ ១០០នាក់នៅឥណ្ឌូណេស៊ីក្នុងថ្ងៃទី១ នៃឆ្នាំ២០១៧នេះ បានឆាបឆេះ និងបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ និង៨០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះទាន់ពេល ប៉ុន្តែក្នុងនោះមនុស្ស ១៧នាក់បានទទួលរងរបួស។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៦។
លោក Doni Pratama សមាជិកក្រុមសង្គ្រោះឥណ្ឌូណេស៊ីខាងលើនេះ បានប្រាប់ស៊ិនហួរ យ៉ាងដូច្នេះថា «យើងបានវេចខ្ចប់សាកសពចំនួន ២០នាក់ដែលត្រូវបានភ្លើងឆេះនោះ រួចរាល់ហើយ ដើម្បីយកទៅមន្ទីរតម្កល់សាកសពរង់ចាំសាច់ញាតិមកយក ខណៈក្រុមសង្គ្រោះកំពុងព្យាយាមសង្គ្រោះអ្នករងរបួសរាប់សិបនាក់ផ្សេងទៀត»។
គួរបញ្ជាក់ថាសាឡង់ខាងលើនេះ ដឹកអ្នកដំណើរសរុប១០០នាក់ ជារបស់ក្រុមហ៊ុន Zahro Express បានគ្រោងធ្វើដំណើរពីកំពុងផែ Muara Angke ឆ្ពោះទៅ កោះ Tidung ប៉ុន្តែពេលមកដល់ឈូងសមុទ្រនៃទីក្រុងហ្សាការតា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី វាក៏បានឆាបឆេះ ប៉ុន្តែមិនបានលិចដូចដែលព័ត៌មានពីដំបូងបានចេញផ្សាយនោះឡើយ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករានេះ។ មូលហេតុនៃការឆាបឆេះនៅមិនទាន់មានការបញ្ជាក់នោះទេ៕