(រីយ៉ូ)៖ ភរិយារបស់ឯកអគ្គរដ្ឋទូតប្រទេសក្រិក ប្រចាំប្រទេសប្រេស៊ីល ត្រូវបានតុលាការប្រេស៊ីលសម្រេចឃុំខ្លួន ក្នុងពន្ធនាគាររយៈពេល៣០ថ្ងៃ ដើម្បីរង់ចាំការកាត់ក្តីពាក់ព័ន្ធនឹងរឿងលួចមានសាហាយ និងជួយប្អូនប្រុសសាហាយឲ្យបាញ់សម្លាប់ និងដុតប្តីខ្លួនឯង កាលពីដើមសប្តាហ៍នេះ។ នេះបើតាមការទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិចនាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧។
តុលាការបានសម្រេចឃុំខ្លួនលោកស្រី Francoise Amiridis អាយុ ៤០ឆ្នាំ ដែលលោកស្រីបានរៀបការជាមួយអគ្គរដ្ឋទូតក្រិកលោក Kyriakos Amiridis អស់រយៈពេល ១៥ឆ្នាំមកហើយ និងថែមទាំងមានកូនស្រីអាយុ ១០ឆ្នាំផងដែរ។
លោកស្រី Francoise Amiridis ភិរយារបស់អគ្គរដ្ឋទូតក្រិកប្រចាំប្រទេសប្រេស៊ីល លោក Kyriakos Amiridis ត្រូវបានប៉ូលិសប្រេស៊ីលចាប់ខ្លួន ក្រោយពីបានរកឃើញភស្តុតាងបញ្ជាក់ថា លោកស្រីពិតជាបានជួលមនុស្សឲ្យសម្លាប់ប្តីខ្លួនឯង។
លោកស្រី Francoise បានជួលបុរសជាសាហាយ ដែលត្រូវជាមន្ត្រីប៉ូលិសឈ្មោះ Sergio Gomes Moreira Filho ដែលធ្វើការងារនៅក្នុងតំបន់ដែលលោកស្រីរស់នៅ រួមជាមួយប្អូនប្រុស របស់ប្រុសសាហាយរូបនេះម្នាក់ទៀតឈ្មោះ Eduardo de Melo ហើយជនបង្កទាំងពីររូបនេះ បានយករឿងរ៉ាវដែលខ្លួនបានប្រព្រឹត្តទាំងអស់រាយការណ៍ប្រាប់ប៉ូលិស ប៉ុន្តែត្រូវបានលោកស្រី Francoise បដិសេធ។
ទោះបីជាបែបនេះក្តីប៉ូលិសប្រេស៊ីល នៅតែបន្តនីតិវិធីទៅលើលោកស្រីភរិយាអគ្គរដ្ឋទូតក្រិក ដោយសារតែប៉ូលិសមានភស្តុគ្រប់គ្រាន់ លើករណីឃាតកម្មនេះ។ ក្រុមអ្នកស៊ើបអង្កេតបានប្រាប់ឲ្យដឹងថា លោក Melo បានទទួលប្រាក់ ២៤,៤០០ដុល្លារអាមេរិកពីលោកស្រី Francoise ក្នុងការជួយធ្វើឃាតលោកអគ្គរដ្ឋទូត រហូតដល់បានសម្រេច។
គួរបញ្ជាក់ថានៅថ្ងៃចន្ទសប្តាហ៍នេះ មានសាក្សីអះអាងថា បានឃើញអគ្គរដ្ឋទូតក្រិក នៅមានជីវិតជាធម្មតា ប៉ុន្តែសម្រាប់តែដល់ថ្ងៃពុធ លោកស្រីជាភរិយាបានរាយការណ៍ប្រាប់ប៉ូលិសប្រេស៊ីលថា លោកអគ្គរដ្ឋទូត បានបាត់ខ្លួនទៅហើយ។ បន្ទាប់មកទៀតនៅថ្ងៃព្រហស្បតិ៍ ប៉ូលិសក៏បានឃើញរថយន្តរបស់លោក អគ្គរដ្ឋទូតដែលត្រូវបានភ្លើងឆេះខ្ទេច ជាមួយនឹងសាកសពឆេះខ្លោចខ្មៅមើលមិនយល់។
ក្រោយការពិនិត្យរកមើលអត្តសញ្ញាណ ទើបប៉ូលិសទីក្រុងរីយ៉ូ បានប្រកាសថា រាងកាយដែលត្រូវបានឆេះខ្លោចក្នុងឡាននោះ ពិតជាលោកអគ្គរដ្ឋទូតក្រិក Amiridis ប្រាកដមែន។ តាមពិតលោកអគ្គរដ្ឋទូត ត្រូវបានគេបាញ់សម្លាប់នៅក្នុងផ្ទះ របស់លោកស្ថិតនៅក្នុងសង្កាត់ Nova Iguacu នៃទីក្រុងរីយ៉ូ ដោយសារតែគេឃើញមានដានឈាមរបស់លោកនៅក្នុងផ្ទះ ហើយទើបក្រោយមកទើបសពរបស់លោក ត្រូវបានជនបង្កយកទៅដុតជាមួយនឹងរថយន្តតែម្តង៕