(បរទេស)៖ នៅក្នុងឆ្នាំ២០១៦នេះ ព្រឹត្តិការណ៍ទាក់ទងទៅនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះធំៗ បានកើតឡើងដ៏គួរឲ្យតក់ស្លុត និងបានបណ្តាលឲ្យមនុស្សស្លាប់សរុបរាប់រយនាក់។ ខាងក្រោមនេះ គឺជាការរំលឹកអំពីករណីធ្លាក់យន្តហោះធំៗប្រចាំឆ្នាំ២០១៦ ដែលសុទ្ធសឹងតែបានឆក់យកជីវិតមនុស្សរាប់សិបនាក់ឡើងទៅ៖
១៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ ជើងហោះហើរ Tara Air Flight 193 របស់ប្រទេសនេប៉ាល់បានធ្លាក់នៅតំបន់ភ្នំក្នុងស្រុក Myagdi បានបណ្តាលឲ្យមនុស្សជិះនៅលើនោះទាំងអស់ ២៣នាក់ស្លាប់។
២៖ កាលពីថ្ងៃទី១៩ ខែមីនា ជើងហោះហើរ Flydubai Flight 181 បានធ្លាក់នៅតំបន់ Rostov-on-Don ប្រទេសរុស្ស៊ី បានបណ្តាលឲ្យមនុស្សជិះនៅលើនោះទាំងអស់ ៦២នាក់ស្លាប់។
៣៖ កាលពីថ្ងៃទី១៣ ខែមេសា យន្តហោះ Sunbird បានរអិលធ្លាក់ចេញពីផ្លូវនៃព្រលានយន្តហោះក្នុងតំបន់ Kiunga នៃប្រទេសប៉ាពួរញូហ្គីណេ បានបណ្តាលឲ្យមនុស្សជិះទាំង ១២នាក់ស្លាប់។
៤៖ កាលពីថ្ងៃទី១៩ ខែឧសភា ជើងហោះហើរអេហ្ស៊ីប EgyptAir Flight 804 បានធ្លាក់ទៅក្នុងសមុទ្រ មេឌីទែរ៉ាណេ បានសម្លាប់មនុស្សជិះនៅលើនោះទាំងអស់ ៦៦នាក់។
៥៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ជើងហោះហើរ LaMia Airlines Flight 2933 ដឹកក្រុមកីឡាករបាល់ទាត់ប្រេស៊ីល បានធ្លាក់នៅក្បែរទីក្រុង មេឌែលលីន ប្រទេសកូឡុំប៊ី បានបណ្តាលឲ្យមនុស្ស ៧១នាក់ស្លាប់ និង០៦នាក់រងរបួសធ្ងន់។
៦៖ កាលពីថ្ងៃទី០៧ ខែធ្នូ យន្តហោះប៉ាគីស្ថាន Flight 661 បានធ្លាក់នៅតំបន់ Havelian នៅតាមផ្លូវទៅរដ្ឋធានីអ៊ីស្លាម៉ាបាដ បានសម្លាប់មនុស្សជិះនៅលើនោះទាំងអស់ ៤៧នាក់។
៧៖ កាលពីថ្ងៃទី២៥ ខែធ្នូ យន្តហោះរុស្ស៊ីប្រភេទ Su-154 ដឹកក្រុមតន្ត្រីយោធារុស្ស៊ីសំដៅទៅមូលដ្ឋានទ័ពនៅក្នុងប្រទេសស៊ីរី បានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ និងផ្តាច់ជីវិតមនុស្សទាំងអស់ ៩២នាក់៕