(បរទេស)៖ នៅក្នុងឆ្នាំ២០១៦នេះ ព្រឹត្តិការណ៍ទាក់ទងទៅនឹងគ្រោះមហន្តរាយធម្មជាតិជាច្រើន ជាពិសេសនោះគឺគ្រោះរញ្ជួយដីតែម្តង ដែលបានកើតមានឡើងដ៏គួរឲ្យតក់ស្លុតជាទីបំផុត និងបានបណ្តាលឲ្យមនុស្សស្លាប់សរុបរាប់ពាន់នាក់។ ខាងក្រោមនេះ គឺជាការរំលឹកអំពីហេតុការណ៍នៃគ្រោះរញ្ជួយដីធំៗ ប្រចាំឆ្នាំ២០១៦ ដែលសុទ្ធតែបានឆក់យកជីវិតមនុស្សរាប់សិបនាក់ឡើងទៅ៖
១៖ កាលពីថ្ងៃទី០៦ ខែកុម្ភៈ គ្រោះរញ្ជួយដីកំរិត ៦.៤រ៉ិចទ័រដែលញ័រពីជម្រៅដី ២៣គីឡូម៉ែត្រ បានអង្រួនកោះតៃវ៉ាន់ និងបានឆក់យកជីវិតមនុស្សសរុបចំនួន ១១៧នាក់ផងដែរ។
២៖ កាលពីថ្ងៃទី១៥ ខែមេសា គ្រោះរញ្ជួយដីកំរិត ៧.០រ៉ិចទ័រដែលញ័រពីជម្រៅដី ១០គីឡូម៉ែត្រ បានវាយប្រហារប្រទេសជប៉ុននិងបានបណ្តាលឲ្យមនុស្សចំនួន៤១នាក់បាត់បង់ជីវិត។
៣៖ កាលពីថ្ងៃទី១៦ ខែមេសា គ្រោះរញ្ជួយដីកំរិត ៧.៨រ៉ិចទ័រដែលញ័រពីជម្រៅដី ២០.៦គីឡូម៉ែត្រ បានវាយប្រហារប្រទេសអេក្វាឌ័រ និងបានបណ្តាលឲ្យមនុស្សសរុបដល់ទៅ ៦៧៣នាក់ឯណោះស្លាប់។
៤៖ កាលពីថ្ងៃទី២៤ ខែសីហា គ្រោះរញ្ជួយដីកំរិត ៦.២រ៉ិចទ័រដែលញ័រពីជម្រៅដី ៥.១គីឡូម៉ែត្រ បានវាយប្រហារចំប្រទេសអ៊ីតាលី ដោយបានសម្លាប់ជីវិតមនុស្សដល់ទៅចំនួន ២៩៩នាក់។
៥៖ កាលពីថ្ងៃទី១០ ខែកញ្ញា គ្រោះរញ្ជួយដីកំរិត ៥.៩រ៉ិចទ័រដែលញ័រពីជម្រៅដី ៤០គីឡូម៉ែត្រ បានវាយប្រហារប្រទេសតង់ហ្សានី ហើយបានសម្លាប់មនុស្ស២៣នាក់ផងដែរ។
៦៖ កាលពីថ្ងៃទី០៦ ខែធ្នូ កន្លងទៅថ្មីៗនេះ គ្រោះរញ្ជួយដីកំរិត ៦.៥រ៉ិចទ័រដែលញ័រពីជម្រៅដី ៨.២គីឡូម៉ែត្រ បានវាយលុកទៅលើប្រទេសឥណ្ឌូណេស៊ី និងបានបង្កឲ្យមនុស្ស ១០២នាក់ស្លាប់៕