(ហួស្តុន)៖ អ្នកបម្រើលើយន្តហោះបានបង្ខំជម្លៀសអ្នកដំណើរទាំងអស់ ចេញពីលើយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ស្ថិតនៅអាកាសយានដ្ឋានអន្តរទ្វីប George Bush នៃទីក្រុងហួស្តុន រដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិកបន្ទាប់ពីបានប្រទះឃើញផ្សែងហុយយ៉ាងខ្លាំង ចេញពីផ្នែកបន្ទប់បញ្ជាការ ហោះហើររបស់យន្តហោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៦។
តាមការអះអាងរបស់ពីឡុតនៅលើយន្តហោះខាងលើនេះ យន្តហោះទំនងជាបានឆាបឆេះត្រង់ចំណុចណាមួយដែលតម្រូវ ឲ្យមានការចាត់វិធានការការពារសន្តិសុខជាបឋម។ ក្រោយកើតហេតុយន្តហោះខាងលើនេះត្រូវបានគេយកទៅកាន់បន្ទប់ត្រួតពិនិត្យឡើងវិញ ហើយអ្នកដំណើរទាំងអស់ត្រូវបានផ្ទេរទៅកាន់យន្តហោះ ផ្សេងដើម្បីធ្វើដំណើរបន្ត ដោយពួកគេមិនបានរងគ្រោះអ្វីឡើយ។
ដោយឡែកសម្រាប់ព័ត៌មានស្តីពីចំនួនអ្នកដំណើរ និងឈ្មោះក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះ ក៏មិនមាននរណាបញ្ជាក់នោះដែរ៕