(មូស្គូ)៖ តាមការចេញផ្សាយដោយសារព័ត៌មាន CNBC និង Reuters នៅមុននេះបន្តិច លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានដាក់សំណើសុំបណ្តេញមន្ត្រីទូតអាមេរិកចំនួន ៣៥រូបទៅកាន់ប្រធានាធិបតីលោក វ្ល៉ាទីមៀ ពូទីន ដើម្បីសុំការយល់ព្រមហើយនឹងធ្វើការអនុវត្តន៍វិធានការនោះតែម្តង។ នេះបើតាមព័ត៌មានថ្មីៗខាងលើ ចេញផ្សាយនាល្ងាចថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។
គួរបញ្ជាក់ថាប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលជិតនឹងផុតអាណត្តិទៅហើយនោះ បានធ្វើការបណ្តេញមន្ត្រីទូតរុស្ស៊ី និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតរបស់ទីក្រុងមូស្គូ ចេញពីទឹកដីអាមេរិកក្នុងរយៈពេល ៧២ម៉ោងនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ដោយយោងលើបទចោទប្រកាន់រុស្ស៊ីថា បានលូកលាន់ចូលកិច្ចការបោះឆ្នោតរបស់អាមេរិក ក្នុងនោះមានការ Hack លទ្ធផលឆ្នោតផងដែរ។
ចំណាត់ការរបស់អាមេរិកខាងលើនេះ ត្រូវបានវិមានក្រឹមឡាំង ចេញសេចក្តីថ្លែងការណ៍ត្មេះដៀលទីក្រុងវ៉ាស៊ីនតោនថា កំពុងដើរនយោបាយការបរទេសដែលគ្មាននរណានឹកស្មានដល់ និងគគ្លើនជាទីបំផុត៕