(មូស្គូ)៖ ក្រុមយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកធុន SU-34 ចុងក្រោយនៃឆ្នាំ២០១៦នេះ ត្រូវបានបញ្ជូនទៅដល់កងអង្គភាពជើងអាកាស នៃទីបញ្ជាការដ្ឋានយោធាភាគខាងកើតរបស់ប្រទេសរុស្ស៉ី ដែលស្ថិតនៅតំបន់ Khabarovsk ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានរុស្ស៉ី RIA Novosti លោកវរសេនីយ៍ឯក Alexander Gordeyev បានឲ្យដឹងថា «យន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកធុន Su-34 ថ្មីៗប៉ុន្មានគ្រឿងបានធ្វើការហោះហើរក្នុងចម្ងាយជាង ៣,៥០០គីឡូម៉ែត្រពីចេញទីក្រុង Novosibirsk ទៅកាន់ព្រលានយន្តហោះនៃមូលដ្ឋានអចិន្រ្តៃយ៍របស់ខ្លួន បន្ទាប់ពីបានចូលចាក់សាំងនៅមូលដ្ឋានទ័ពអាកាស Domna»។ លោក Gordeyev បានបន្តថាយន្តហោះដែលមានសមត្ថភាពចម្រុះនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងប្រតិបត្តិការយោធាជាផ្លូវការ នាដើមឆ្នាំ២០១៧ ខាងមុខនេះ។
គួរបញ្ជាក់ដែរថាយន្តហោះចម្បាំង Sukhoi Su-34 ដែលអាចទម្លាក់គ្រាប់បែកបាននេះត្រូវបានគេអភិវឌ្ឍន៍ឡើងដើម្បីបើកការវាយប្រហារ ចំពោះគោលដៅនៅលើផ្ទៃដី ក៏ដូចជាផ្ទៃទឹកដោយមានប្រសិទ្ធភាពខ្ពស់បំផុតហើយលើសពីនេះទៀតយន្តហោះធុននេះ ក៏មានសមត្ថភាពធ្វើការវាយលុកទៅលើគោលដៅតូចៗដែលចល័តនៅលើដី ឬក៏ហោះហើរនៅលើអាកាសបាន ទាំងក្នុងពេលយប់ និងពេលថ្ងៃទោះបីជាស្ថិតក្រោមអាកាសធាតុ មិនអំណោយផលបែបណាក៏ដោយ៕