(ញូដេលី)៖ ទីបញ្ជាការប៉ូលិសជាតិប្រទេសឥណ្ឌាបានឲ្យដឹងថា បុរសយ៉ាងហោចណាស់ចំនួន ០៧នាក់បានបាត់បង់ជីវិត និងជាង ២០នាក់ផ្សេងទៀតកំពុងជាប់ខ្លួនជាប់នៅក្រោមគំនរនៃកម្ទេចកម្ទីរអណ្តូងរ៉ែ ដែលបានបាក់ស្រុតលើពួកគេ នៅការដ្ឋានរុករករ៉ែមួយកន្លែងដែលស្ថិតក្នុងរដ្ឋ Jharkhand ភាគខាងកើតនៃប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Indian Express នារសៀលថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។
គ្រឿងចក្រមួយចំនួនដែលចូលរួមក្នុងធ្វើប្រតិបត្តិការជីកយករ៉ែនេះ ក៏បានជាប់ផុងផងដែរនៅក្នុងហេតុការណ៍ខាងលើដែលបានកើតឡើងតាំងពីយប់ថ្ងៃព្រហស្បតិ៍មកម្ល៉េះនោះ ហើយឈានចូលមកដល់ព្រឹកថ្ងៃសុក្រនេះប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត។
គួរបញ្ជាក់ថាអណ្តូងរ៉ែដែលស្ថិតនៅក្នុងស្រុក Godda ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Rajmahal Open Cast Mines ហើយក្រោយកើតហេតុភ្លាមៗ ក្រុមសង្គ្រោះបានបញ្ជូនគ្រឿងចក្រប្រមាណ ៤០គ្រឿងទៅធ្វើការជីកគាស់ក្នុងន័យសង្គ្រោះកម្មករផ្សេងៗទៀតដែលជាប់ក្នុងការដ្ឋានរ៉ែនោះ។ សម្រាប់មូលហេតុដែលបង្កឲ្យអណ្តូងរ៉ែបាក់នោះ នៅមិនទាន់មានការបញ្ជាក់នោះឡើយ៕