(រីយ៉ូ)៖ អត្រាអ្នកអត់មានការងារធ្វើនៅក្នុងប្រទេសប្រេស៉ីល គិតចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកាកន្លងទៅនេះ បានឈានដល់កំណត់ត្រាដ៏ខ្ពស់គឺដល់ទៅ ១១.៩ភាគរយ។ នេះបើតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារស្រង់ស្ថិតិ IBGE ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៉ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមប្រភពដដែលអត្រាថ្មីនេះ គឺជាកំណើនប្រចាំឆ្នាំដ៏គួរឲ្យកត់សម្គាល់បើគិតពីរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៥ នៅពេលដែលវាមានចំនួនត្រឹម ០៩ភាគរយ ហើយតួលេខនៃអ្នកអត់ការងារធ្វើខាងលើមានន័យថា ប្រជាជនប្រេស៉ីលចំនួន ១២.១លាននាក់ពុំមានការងារធ្វើនោះឡើយ នៅអំឡុងពេល ០៣ខែកន្លងទៅនោះ ដែលចំនួននេះបានកើតឡើង ៣០.១ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បន្ថែមពីនេះទៀតចំនួនប្រជាជននៅក្នុងប្រទេសប្រស៉ីល ដែលមានការធ្វើបានថយចុះក្នុងអត្រា ២.១ភាគរយដោយនៅត្រឹម ៩០.២លាននាក់ ខណៈអត្រានៃអ្នកគ្មានការងារធ្វើបានកើនឡើង ជាពិសេសនៅក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជាកសិកម្ម, ឧស្សាហកម្ម, ហិរញ្ញវត្ថុ, សំណង់, និងអចលនទ្រព្យ។
គួរបញ្ជាក់ថា ការកើនឡើងនៃអត្រាអ្នកអត់ការងារធ្វើខាងលើខាងលើគឺគ្រាន់តែសញ្ញាមួយនៅក្នុងចំណោមសញ្ញាដទៃៗទៀតតែប៉ុណ្ណោះ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីសេដ្ឋកិច្ចដ៏ខ្សត់ខ្សោយរបស់ប្រទេសដែលស្ថិតនៅទ្វីបអាមេរិកខាងត្បូងនេះ៕