(វ៉ាស៊ីនតោន)៖ សារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ ០.៥ភាគរយបន្ទាប់ពីបានឡើងថ្លៃអស់រយៈពេលជាច្រើនសប្ដាហ៍មកនេះ ហើយដែលការធ្លាក់ចុះនេះទៀតសោតកើតឡើងក្រោយពេលសហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីសម្រាប់ការជ្រៀតជ្រែតចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។
ការធ្លាក់ចុះនៅពេលនេះ បានលុបលើកំណើននៃប្រាក់ដុល្លារអាមេរិក នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈទីផ្សារភាគហ៊ុន អាមេរិកបានដាំក្បាលចុះនៅកំរិតទាប ក្នុងរយៈពេលបីសប្ដាហ៍ នៅក្នុងបរិបទដែលប័ណ្ណបំណុលរបស់រតនាគារជាតិបានធ្លាក់ចុះចាប់តាំងពីថ្ងៃទី១៣ ខែធ្នូ មកម្ល៉េះ។ គួរបញ្ជាក់ថាបើយោងតាម Bloomberg ប្រាក់យ័នចិនក៏បានធ្លាក់ថ្លៃផងដែរ ក៏ប៉ុន្តែប្រាក់យ៉េនជប៉ុន និងប្រាក់អឺរ៉ូត្រូវបានគេរាយការណ៍ថាបានហក់ឡើងថ្លៃទៅវិញ៕