(ឥណ្ឌូណេស៊ី)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថាគ្រោះមហន្តរាយរញ្ជួយដីកំរិត ៦.២រ៉ិចទ័រនៅថ្ងៃសុក្រនេះ បានវាយប្រហារចំលើតំបន់ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពដដែលបានឲ្យដឹងទៀតថា គ្រោះរញ្ជួយដីកំរិតធ្ងន់ខាងលើជាមួយនឹងជម្រៅ ៧២គីឡូម៉ែត្របានកើតឡើងនាវេលាម៉ោងប្រហែល ៦៖៣០នាទីព្រឹក (ម៉ោងនៅទីក្រុងហ្សាការតា) នៅក្នុងតំបន់ Sumbawa ហើយចំណុចរំញ័ររបស់វាស្ថិតនៅប្រមាណ ៣៣គីឡូម៉ែត្រនៃភាគខាងត្បូងភូមិ Tolotangga ដែលមានចម្ងាយ១,៣៥០គីឡូម៉ែត្រភាគខាងកើតរដ្ឋធានីហ្សាការតា។
យោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ កាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី គ្រោះមហន្តរាយធម្មជាតិនេះបានអង្រួនដល់ខេត្ត East Nusa Tenggara ដែលនៅក្បែរខាងរួមនិងកោះទេសចរណ៍បាលីផងដែរ ហើយហេតុការណ៍ដ៏កក្រើកនេះបានបណ្តាលឲ្យប្រជាជនជាច្រើននាក់រស់នៅតំបន់រងការវាយប្រហារ រួសរាន់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់។ ក៏ប៉ុន្តែទីភ្នាក់ងារដដែលបានបន្ថែមថា ពុំមានសេចក្តីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះរញ្ជួយដីថ្មីនេះឡើយ ហើយសារព្រមានពីរលកយក្សស៊ូណាមិក៏មិនត្រូវបានចេញប្រកាសនោះដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែធ្នូនេះ ខេត្តអាសេ (Aceh) នៃប្រទេសឥណ្ឌូណេស៊ី បានទទួលរងការវាយយប្រហារដោយគ្រោះរញ្ជួយដីកំរិត ៦.៥រ៉ិចទ័រដ៏កក្រើកមួយផ្សេងទៀត ដែលបានសម្លាប់ជីវិតមនុស្សជាង១០០នាក់ និងរបួសរាប់រយនាក់ទៀត៕