(មូស្គូ)៖ បទឈប់បាញ់គ្នានៅទូទាំងប្រទេសស៊ីរីរវាងរដ្ឋាភិបាល លោក អាស្សាដ និងក្រុមប្រឆាំងស៊ីរីបានចូលជាធរមានហើយនៅពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងតំបន់) អនុឡោមតាមកិច្ចព្រមព្រៀងក្រោមការសម្របសម្រួលរបស់រុស្ស៊ី និងតួកគីដែលនេះអាចជាសញ្ញាណមួយនៃផ្លូវឆ្ពោះទៅកិច្ចចរចាសន្តិភាពដើម្បីរំដោះប្រជាជនស៊ីរីចេញពីឋានរកនៅលើដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។
ពាក់ព័ន្ធនឹងបទឈប់បាញ់នេះដែរថ្លែងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិ និងការបរទេសរបស់ខ្លួន លោក ពូទីន បានគូសបញ្ជាក់ថាឯកសារចំនួនបីត្រូវបាន ចុះហត្ថលេខាក្នុងនោះមានដូចជាឯកសារទី១ គឺផ្ដោតសំខាន់ទៅលើកិច្ចព្រមព្រៀងលើបទឈប់បាញ់ នៅទូទាំងប្រទេសស៊ីរីរវាងរដ្ឋាភិបាលទីក្រុងដាម៉ាស់ និងក្រុមឧទ្ទាម, ទី២និយាយពីការអនុវត្តវិធានការលើការត្រួតពិនិត្យការគោរពបទឈប់បាញ់, និងទី៣ គឺសេចក្ដីថ្លែងការណ៍នៃឆន្ទៈរបស់ភាគីជម្លោះក្នុងការផ្ដើមធ្វើកិច្ចចរចាសន្តិភាពស្ដីច្បាប់ស៊ីរី។
ព្រមពេលជាមួយគ្នាក្រុមប្រឆាំងស៊ីរីបញ្ជាក់ឡើងវិញថា បើសិនជាបទឈប់បាញ់នេះត្រូវបានគេរំលោភបំពាន នោះពួកគេនឹងធ្វើការឆ្លើយតបភ្លាមៗ។ ម្យ៉ាងវិញទៀតគេក៏ពុំទាន់អាចសន្និដា្ឋនបាននៅឡើយទេ ថាបទឈប់បាញ់ដែលគ្មានសហរដ្ឋអាមេរិកចូលរួមនេះ នឹងត្រូវអនុវត្តដល់កម្រិតណាហើយវាក៏មិនមែនជាបទឈប់បាញ់លើកទីមួយដែរព្រោះថាជារឿយៗ វាត្រូវបានគេរំលោភបំពាន រីឯភាគពាក់ព័ន្ធតែងតែចង្អុលកំហុសដាក់គ្នាទៅវិញទៅមក។
គួរបញ្ជាក់ថាអនុឡោមតាមបទឈប់បាញ់ខាងលើ រុស្ស៊ីនឹងកាត់បន្ថយវត្តមានយោធារបស់ខ្លួន នៅស៊ីរី ជាទីដែលទីក្រុងមូស្គូ បានដឹកនាំប្រតិបត្តិការយោធាគាំទ្ររដ្ឋាភិបាលលោក បាហ្សា អាល់ អាស្សាដ ចាប់តាំងខែកញ្ញា ឆ្នាំ២០១៥ ខណៈមនុស្សជាង ៣១០,០០០នាក់ហើយបានបាត់បង់ជីវិត៕