(មូស្គូ)៖ អាជ្ញាធររុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា បញ្ហាគ្រឿងម៉ាស៊ីនដំណើរការខុសប្រក្រតី អាចជាមូលហេតុមួយដែលបានបណ្ដាលឱ្យយន្ដហោះយោធារុស្ស៊ី Tu-154 ធ្លាក់នៅឯសមុទ្រខ្មៅជាមួយនឹងមនុស្ស ៩២នាក់ ខណៈក្រុមអ្នកស៊ើបអង្កេតកំពុងវិភាគ និងពិនិត្យលើប្រអប់ខ្មៅដែលបានរកឃើញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។
ជាមួយគ្នានោះដែរក្រសួងការពារជាតិរុស្ស៊ី ក៏បានអះអាងដែរថាមិនមានការផ្ទុះនៅលើយន្ដហោះនោះទេ ក៏ប៉ុន្តែខាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Maxim Sokolov បញ្ជាក់ថាលោកមិនទាន់អាចសន្និដ្ឋានជុំវិញមូលហេតុជាក់លាក់នៅឡើយទេ ដោយត្រូវរង់ចាំលទ្ធផលវិភាគជាផ្លូវរបស់ក្រុមអ្នកជំនាញជាមុនសិន។ ដោយឡែកគិតមកទល់នឹងពេលនេះមានសាកសពមនុស្ស ១៩នាក់ហើយត្រូវបានគេស្រង់ចេញពីទឹកសមុទ្រ។
គួររំលឹកថាយន្ដហោះយោធារុស្ស៊ីធុន Tu-154 ដឹកមនុស្ស ៩២នាក់បានបាត់ចេញពីប្រព័ន្ធរ៉ាដានៅម៉ោងប្រមាណជា ០៥៖២៥នាទីព្រឹកកាលពីថ្ងៃអាទិត្យកន្លងទៅ (ម៉ោងនៅក្នុងតំបន់) ក្រោយពេលហោះចេញពី ទីក្រុងស៊ូឈីក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសស៊ីរី ដើម្បីអបអរសាទរបុណ្យណូអ៊ែល និងរៀបចំការប្រគុំតន្ត្រីសម្រាប់កងទ័ពរុស្ស៊ីដែលកំពុងឈរជើងនៅទីនោះ៕