(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បានកោះអញ្ជើញមន្ត្រីទូតជប៉ុនឱ្យមកបំភ្លឺ ក៏ដូចជាសម្ដែងការតវ៉ាពាក់ព័ន្ធនឹង ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី តូម៉ូមិ អ៊ីណាដា (Tomomi Inada) ទៅកាន់ស្កូបគោរពវិញ្ញាណក្ខន្ធដ៏ចម្រូងចម្រាស់ Yasukuni ភ្លាមៗបន្ទាប់ពី បានអមដំណើរលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ទៅបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅឯមូលដ្ឋានទ័ពអាមេរិក Pearl Habor។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកស្រី អ៊ីណាដា បានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីសក្ការៈ Yasukuni ក្នុងទីក្រុងតូក្យូ ហើយថែមទាំងបានអះអាងថា ទស្សនកិច្ចរបស់លោកស្រីធ្វើឡើងក្នុងគោលបំណងបង្ហាញពីសន្តិភាព។ លោកស្រី អ៊ីណាដា លើកឡើងដូច្នេះថា «សហរដ្ឋអាមេរិក និងជប៉ុនធ្លាប់បានចូលរួមនៅក្នុងសង្រ្គាមដ៏សាហាវ ប៉ុន្តែពេលនេះសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ប្រែជាល្អរឹងមាំលើសពេលណាទំាងអស់ ហើយខ្ញុំធ្វើទស្សនកិច្ចនៅទីនេះ (Yasukuni) គឺដើម្បីបង្ហាញពីបំណងប្រាថ្នាបង្កើតសន្តិភាពសម្រាប់ជប៉ុន និងពិភពលោកក្នុងទស្សនៈវិស័យតម្រង់ទិសតែមួយនៅពេលអនាគត»។ ប៉ុន្តែយ៉ាងណាក៏ដោយ កូរ៉េខាងត្បូង ក៏ដូចជាចិនបានចាត់ទុកថា Yasukuni គឺជានិមិត្តរូបនៃភាពសាវឃោឃៅរបស់កងទ័ពជប៉ុន ដែលប្រព្រឹត្តមកលើប្រជាជាតិទាំងពីរ នៅអំឡុងសម័យសង្រ្គាម។
គួរបញ្ជាក់ថាសម្រាប់មេដឹកនាំជប៉ុនស្ទើរតែគ្រប់ជំនាន់ ស្កូបគោរពវិញ្ញាណក្ខន្ធ Yasukuni គឺជាទីតម្កល់ទុកធាតុអតីតមេទ័ព និងអ្នកស្នេហាជាតិជប៉ុនបានពលីជីវិត នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២។ ក៏ប៉ុន្តែចិននិងកូរ៉េខាងត្បូង ចាត់ទុកត្រឹមតែជាកន្លែងរក្សាទុកធាតុឧក្រិដ្ឋជនសង្រ្គាមប៉ុណ្ណោះ ហើយតែងតែថ្កោលទោសជារឿយៗចំពោះថ្នាក់ដឹកនាំជប៉ុនដែលទៅគោរពវិញ្ញាណក្ខន្ធ នៅឯទីសក្ការៈ Yasukuni ដោយពួកគេចាត់ទុកថាវាហាក់ដូចជា ការយកឈើមកចាក់ចំដំបៅចាស់ នៃស្នាមរបួសឈឺចាប់ពីអតីតកាល ដែលកងទ័ពជប៉ុនធ្លាប់បានប្រព្រឹត្តអំពើសាហាវព្រៃផ្សៃ ក្នុងការកាប់សម្លាប់ប្រជាជនរបស់ពួកគេ៕