(សេអ៊ូល)៖ វិទ្យាស្ថានយុទ្ធសាស្ត្រសន្តិសុខជាតិ (INSS) នៃទីភ្នាក់ងារស៊ើបការសម្ងាត់កូរ៉េខាងត្បូង (NIS) បានចេញផ្សាយ «សៀវភៅស» មួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយបង្ហាញថា នៅក្នុងរយៈពេល ០៥ឆ្នាំក្រោមរបបដឹកនាំរបស់លោក គីម ជុងអ៊ុន មនុស្សចំនួន ៣៤០នាក់ក្នុងនោះរួចមានទាំងមន្ត្រីកំពូលៗកូរ៉េខាងជើង ត្រូវបានបោសសំអាត ឬក៏ប្រហារជីវិតក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសំអាតផ្ទៃក្នុងដើម្បីពង្រឹងអំណាចគ្រួសារត្រកូល គីម បីជំនាន់មកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមសៀវភៅសខាងលើមានចំណងជើងថា «០៥ឆ្នាំក្រោមការដឹកនាំដ៏គួរឱ្យភ័យខ្លាចរបស់លោក គីម ជុងអ៊ុន» បន្ទាប់ពីឪពុកគឺលោក គីម ជុងអ៊ីល ទទួលមរណៈភាពនៅខែធ្នូ ឆ្នាំ២០១១ ពីរសប្ដាហ៍ក្រោយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំដដែលលោក គីម ជុងអ៊ុន បានឡើងកាន់តំណែងបន្តជាមេដឹកនាំកំពូលកូរ៉េខាងជើង។ ប៉ុន្តែរហូតដល់ខែមេសា ឆ្នាំ២០១២ ទើបលោក គីម អាចក្ដាប់អំណាចបានទាំងស្រុងហើយចាប់ពីពេលនោះមកមេដឹកនាំរបបក្រុងព្យុងយ៉ាងរូបនេះ កាន់តែពង្រឹងអំណាចរបស់ខ្លួន តាមរយៈការបញ្ជាឱ្យគេបាញ់សម្លាប់ ឬកាត់ទោសប្រហារជីវិតប្រជាជនធម្មតា និងមន្ត្រីកូរ៉េខាងជើងទំាងឡាយណាដែលខ្លួនយល់ថាជាមេគ្រោះ ក្នុងរួមមានទាំងពូរបស់ខ្លួន គឺលោក ចាង សុងថេក (ឆ្នាំ២០១៣) ក៏ដូចជារដ្ឋមមន្ត្រីការពារជាតិ លោក ហ៊ីយ៉ុន យ៉ុងឈូល ដែលត្រូវបានកាត់ទោសប្រហារជីវិតកាលពីឆ្នាំ២០១៥ កន្លងទៅ។
គួរបញ្ជាក់ថាបើតាមសៀវភៅសនេះដដែល របបដឹកនាំរបស់លោក គីម ជុងអ៊ុន មិនបានយកចិត្តទុកដាក់លើ ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រជាជនរបស់ខ្លួននោះទេ តែបែរជាចំណាយលុយដល់ទៅជាង ៣០០លានដុល្លារអាមេរិកក្នុងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលចំនួន ២៩លើកព្រមទាំង ១៨០លានដុល្លារ សម្រាប់ការពង្រឹងអំណាចគ្រួសារត្រកូលគីម។ មួយវិញទៀតបើតាមអគ្គរដ្ឋទូតកូរ៉េខាងជើងដែលកំពុងជ្រកកោននៅកូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាង នឹងចូលអង្គុយតុចរចាជាមួយសហរដ្ឋអាមេរិកដរាបណា កូរ៉េខាងជើងក្លាយជាមហាអំណាចនុយក្លេអ៊ែរជាមុនសិន៕