(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់​ឆ្នោតលោក បារ៉ាក់ អូបាម៉ា បានឲ្យដឹងថានាថ្ងៃព្រហស្បតិ៍នេះ លោកបានរៀបចំកិច្ចសន្ទនា​ដ៏ល្អមួយ​ជាមួយលោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បន្ទាប់ពីលោក ត្រាំ បាន​សរសេរ​នៅលើបណ្តាញទំនាក់ទំនង​សង្គមថា​ កិច្ចការផ្ទេរតំណែងមិនប្រព្រឹត្តទៅដោយ​រលូននោះ​ឡើយ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច​នា​រសៀលថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងទៅកាន់ក្រុមអ្នក​យកព័ត៌មាន​នៅឯកន្លែង​សម្រាក​លំហែ​កាយ ម៉ាអាឡាហ្គោ (Mar-a-Lago Resort) របស់លោក​ផ្ទាល់ លោក ដូណាល់ ត្រាំ បាននិយាយ​ដូច្នេះថា «លោក អូបាម៉ា បានហៅទូរស័ព្ទ​មកកាន់ខ្ញុំ ហើយពួកយើងទាំងពីរ​នាក់​មានកិច្ចសន្ទនា​រវាងគ្នាដ៏​សែន​ល្អមួយ ដែលជា​ទូទៅស្តីអំពីរឿងផ្សេងៗ... វាគឺជាការ​និយាយទូរស័ព្ទ​ដ៏ល្អមែនទែន ហើយខ្ញុំពិតជាយល់ឃើញថា ពួកយើងបានពិភាក្សាគ្នាលើប្រធាន​បទជាច្រើន។ ម៉្យាងវិញទៀត​ក្រុមការងារនៃភាគទាំងសងខាង​កំពុងចុះសម្រុងនឹងគ្នា​យ៉ាងល្អ ហើយខ្ញុំក៏កំពុងតែ​ត្រូវរ៉ូវគ្នា​ជាមួយលោក អូបាម៉ា ផងដែរ»

គួរបញ្ជាក់ដែរ​នៅប៉ុន្មានម៉ោងមុនការហៅទូរស័ព្ទខាងលើលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញ Twitter ថា «កំពុងតែព្យាយាម​​យ៉ាងអស់ពីសមត្ថភាព​ ដោយមិនខ្វាយខ្វល់ពី​ឧបសគ្គក៏ដូចជា​សេចក្តី​ថ្លែងការណ៍​ដ៏ដុតរោលរបស់លោកប្រធានាធិបតី អូ (លោក បារ៉ាក់ អូបាម៉ា) ហើយយ៉ាង​ណា​មិញវា​មិនមែន​ជាការផ្ទេរតំណែងដែលប្រកបទៅ​ដោយភាពរលូននោះឡើយ»។ លោក ត្រាំ នឹងស្បថចូលកាន់តំណែងជា​ផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ៕