(ស៊ីរី)៖ អគ្គលេខាធិការថ្មីនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានកត់សម្គាល់ថា បច្ចុប្បន្នសង្រ្គាមស៊ីរីបានប្រែក្លាយទៅជា «ជំងឺមហារីកលំដាប់ថ្នាក់ពិភពលោក» ប៉ុន្តែព្រមពេលជាមួយគ្នាលោកក៏សង្ឃឹមដែរថា សហរដ្ឋអាមេរិក និងរុស្ស៊ីអាចបញ្ឈប់ការបែរខ្នងដាក់គ្នា ដើម្បីស្វែងរកដំណោះស្រាយមួយក្នុងការបញ្ចប់សង្រ្គាម ក៏ដូចជារំដោះប្រជាជនស៊ីរីចេញពីឋាននរកនៅលើដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង Le Figaro នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ព័រទុយហ្គាល់ SIC លោក ហ្គូទេរ៉េស បាននិយាយថា «សង្រ្គាមស៊ីរីមិនមែនត្រឹមតែបង្កភាពឈឺចាប់ដល់ប្រជាជនស៊ីរីនោះទេ ក៏ប៉ុន្តែវាក៏បង្កើតផងដែរនូវអំពើហិង្សាដែលកំពុងរីកសាយភាយនៅទូទាំងពិភពលោក តាមរយៈសកម្មភាពភេរវកម្ម។ ដូច្នេះប្រឈមមុខនឹងការគំរាមកំហែងនេះមហាអំណាចទាំងអស់ គួរតែសម្រេចចិត្តរួមគ្នាបញ្ចប់ជម្លោះព្រោះបើគ្មានការជួយគាំទ្រពីខាងក្រៅ ស៊ីរីតែម្នាក់មិនអាចដោះស្រាយជម្លោះ ដែលមិនដឹងថាថ្ងៃណាត្រូវបញ្ចប់នេះបានទេ ហើយក្នុងនាមខ្ញុំជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងបង្កើត យន្ដការនៃកិច្ចសន្ទនាដើម្បីកែលម្អទំនាក់ទំនងនៃការមិនទុកចិត្តគ្នា»។
សូមជំរាបថាកាលពីដើមខែធ្នូ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ដែលនឹងជំនួសតំណែងលោក បាន គីមូន នៅថ្ងៃទី០១ ខែមករា ធ្លាប់បានទទួលស្គាល់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិមិនមែនជាមេដឹកនាំពិភពលោកឡើយនៅក្នុងបរិបទដែលមហាអំណាចទាំង៥ ជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ (សហរដ្ឋអាមេរិក ចិន រុស្ស៊ី អង់គ្លេស និងបារាំង) ទើបជាអ្នកមានសិទ្ធិ និងអំណាចពិតប្រាកដ ក្នុងការសម្រេចដោះស្រាយបញ្ហាអ្វីមួយ៕