(រង់ហ្គូន)៖ រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា (ភូមា) កំពុងពិចារណាដាក់ចេញនូវច្បាប់ថ្មីមួយ ដែលនឹងអាចធ្វើឲ្យមនុស្សប្រុសនៅក្នុងប្រទេសនេះជាប់ពន្ធនាគាររហូតដល់ទៅ ០៧ឆ្នាំប្រសិនបើពួកគេជ្រុលជ្រួសធ្វើឲ្យនារីដែលជាសង្សារមានផ្ទៃពោះ ប៉ុន្តែបែរជាប្រកែកមិនព្រមរៀបការយកនាងធ្វើជាដៃគូរួមរស់អស់មួយជីវិតទេនោះ។ នេះបើតាមការដកស្រង់ដោយចេញពីសារព័ត៌មាន Daily Mail របស់ចក្រភពអង់គ្លេស នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលភូមាបានឲ្យដឹងថា សេចក្តីព្រាងច្បាប់ថ្មីនេះត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកក្នុងវិធានការសម្រាប់ការលើកស្ទួយក៏ដូចជាពង្រឹងសិទ្ធិស្រ្តីភេទ ខណៈពេលដែលប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងបើកចំហយ៉ាងទូលំទូលាយ បន្ទាប់ពីបានស្ថិតក្រោមការដឹកនាំដោយរបបយោធាអស់រយៈពេលកន្លះសតវត្សរ៍មកហើយនោះ ដោយរួមបញ្ចូលទាំងច្បាប់ថ្មីដែលជាលើកដំបូងបំផុតនឹងចាត់អំពើហិង្សាចូលជាបទល្មើសព្រហ្មទណ្ឌ ហើយនឹងអាចដាក់ទោសប្រហារជីវិតចំពោះជនណាដែលប្រព្រឹត្តការរំលោភបំពានផ្លូវភេទជាក្រុមផងដែរ។
ថ្លែងប្រាប់សារព័ត៌មានបារាំង AFP លោក Naw Tha Wah ប្រធាននាយកដ្ឋានកិច្ចការសង្គមនៃប្រទេសភូមាបាននិយាយថា «យើងកំពុងតែធ្វើសេចក្តីព្រាងច្បាប់ថ្មីមួយដើម្បីការពារនារីភេទ និងទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងពួកគេ ខណៈនីតិវិធីនាពេលនេះបានឈានដល់ដំណាក់កាលចុងក្រោយហើយ ក៏ប៉ុន្តែវាចាំបាច់ទាមទារឲ្យមានការឯកភាពពីគណៈរដ្ឋមន្រ្តី និងការអនុម័តពីសភាជាតិដើម្បីអាចក្លាយទៅជាច្បាប់ពេញលេញបាន»។
គួរបញ្ជាក់ថា បើសិនជាសេចក្តីព្រាងច្បាប់ថ្មីនេះ អាចឆ្លងកាត់សភាជាតិបានដោយជោគជ័យពិតមែននោះ វាមានន័យថាបុរសៗភូមា នឹងត្រូវប្រឈមមុខនឹងការដាក់ពិន័យឲ្យជាប់ពន្ធនាគាររយៈពេល ០៥ឆ្នាំ បើសិនជាពួកគេបដិសេធមិនព្រមរៀបការជាមួយនឹងនារីជាគូស្នេហ៍ បន្ទាប់ពីបានចំណាយពេលរស់នៅជាមួយគ្នាទៅហើយនោះ ហើយនឹងអាចដល់ទៅ ០៧ឆ្នាំបើសិនជាខាងស្រីឈានដល់ការមានផ្ទៃពោះថែមទៀត៕