(ម៉ានីល)៖ មនុស្ស ៣៣នាក់បានទទួលរងរបួសធ្ងន់ និងស្រាល ដោយសារតែការបំផ្ទុះគ្រាប់បែកមួយគ្រាប់នៅក្នុងកម្មវិធីប្រកួតកីឡាប្រដាល់នៅខេត្តភាគកណ្តាលប្រទេសហ្វីលីពីន។ នេះបើតាមការដកស្រង់សម្តីរបស់មន្ត្រីរដ្ឋាភិបាលហ្វីលីពីន ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។
គ្រាប់បែកដែលត្រូវបានក្រុមជំនាញអះអាងថាមានទំហំ ៨១មីលីម៉ែត្រ ត្រូវបានជនសង្ស័យបញ្ជាតាមរយៈទូរស័ព្ទដៃឲ្យផ្ទុះនៅកណ្តាលហ្វូងមនុស្ស ដែលកំពុងទស្សនាការប្រដាល់នៅខាងក្រោយទីផ្សារមួយកន្លែង ក្នុងខេត្ត Leyte ភាគកណ្តាលប្រទេសនៅយប់ថ្ងៃពុធ។ រហូតមកដល់ពេលនេះ គេនៅពុំទាន់កំណត់សញ្ញាជនសង្ស័យបាននៅឡើយទេ ហើយក៏គ្មានជន ឬក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយដែរ។
គួរបញ្ជាក់ថានៅមុនហេតុការណ៍ខាងលើនេះកើតឡើង ក៏មានការបំផ្ទុះគ្រាប់បែកធំមួយករណីទៀតដែរ នោះគឺការបំផ្ទុះគ្រាប់ក្នុងព្រះវិហារគ្រិស្ត ស្ថិតនៅកោះមីនដាណាវ ភាគខាងត្បូងប្រទេសដែលបានបង្កឲ្យមនុស្ស ១៦នាក់រងរបួស។ ឆ្លើយតបនឹងបញ្ហាផ្ទួនៗនេះ បុរសខ្លាំងហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយតឺតេ បានព្រមានថា ប្រទេសដីកោះនេះកំពុងរងការគំរាមកំហែងដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធនៅប្រទេស អ៊ីរ៉ាក់ និងស៊ីរី៕