(តិចសាស់)៖ រូបភាពពីវីដេអូកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានគេបង្ហោះលើប្រព័ន្ធអ៊ីនធើណេតនាពេលថ្មីៗនេះ បានបង្ហាញពីសកម្មភាពប៉ូលិសម្នាក់ក្នុងទីក្រុង Fort Worth នៃរដ្ឋតិចសាស់ ធ្វើការបាញ់ប្រហារលើបុរសស្បែកខ្មៅម្នាក់ចំខ្នង នៅពេលបុរសរូបនេះបានដើរទៅឆ្ងាយពីប៉ូលិស ប៉ុន្តែអ្នកជំនាញបានអះអាងថា បុរសស្បែកខ្មៅនោះ ហាក់ដូចជាមិនបានបង្កការគំរាមកំហែងអ្វីភ្លាមៗឡើយ ខណៈការបាញ់ប្រហារនេះបានក្លាយជាប្រធានបទជជែកដេញដោល ពាក់ព័ន្ធនឹងភាពត្រឹមត្រូវនៃការអនុវត្តច្បាប់ របស់ប៉ូលិសអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមរូបភាពវីដេអូកាមេរ៉ា រថយន្ដប៉ូលិសបានបើកឆ្ពោះទៅកាន់ចំណតមួយ ហើយនៅពេលនោះបុរសម្នាក់ឈ្មោះ David Collie បានដើរយឺតៗចេញឆ្ងាយពីប៉ូលិស ដែលបាននិងកំពុងស្វែងរកជនសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើង ដែលត្រូវបានគេរៀបរាប់ពីភិនភាគដូចគ្នាទៅនឹង David Collie ជាហេតុធ្វើឱ្យប៉ូលិសសង្ស័យថា David គឺជាជនសង្ស័យរូបនោះ និងបានបង្គាប់ឱ្យរូបគេលើកដៃឡើង ប៉ុន្តែនៅពេលនោះដែរ ប៉ូលិសបែរជាបាញ់ David ចំខ្នងដោយសារបានសន្និដ្ឋានថា ជននោះមានកាំភ្លើងនៅក្នុងដៃ។
ជុំវិញបញ្ហានេះមេធាវីរបស់ David លោក Nate Washington បានអះអាងថា «David មិនបានបង្កការគំរាមកំហែងដល់ប៉ូលិសនោះទេ ហើយក៏មិនគួរត្រូវបាន គេរៀបរាប់ ភិនភាគដូចជា ជនសង្ស័យនោះដែរ ម្យ៉ាងវិញទៀតរូបគេបានធ្វើតាមបង្គាប់របស់ប៉ូលិស ប៉ុន្តែបែរជាត្រូវបាញ់ប្រហារចំខ្នង និងក្លាយជាមនុស្សពិការ»។ ជាការតទល់នឹងរឿងរ៉ាវដ៏អយុត្តិធម៌នេះ លោក Nate Washington បានអះអាងថា លោកនឹងដាក់ពាក្យបណ្ដឹងប្តឹងមន្ត្រីប៉ូលិសខាងលើនេះ ជំនួសកូនក្ដីរបស់ខ្លួនដែលកំពុងរងរបួសធ្ងន់រហូតដល់ពិការ ហើយប្រការក៏នឹងអាចដុតបញ្ហារើសអើងពណ៌សំបុរកាន់តែខ្លាំង ក្នុងសង្គមអាមេរិកផងដែរ៕