(បេកាំង)៖ នាយទាហានចិនម្នាក់ដែលមិនអាចទប់ចំណង់បាន ក្នុងការបង្អួតក៏ដូចជាបង្ហាញអំពីលទ្ធផលដ៏គួរស្ញប់ស្ញែង នៃការធ្វើលំហាត់ប្រាណជាប្រចាំរបស់ខ្លួន បានបង្ហោះទិន្នន័យ ពីកម្មវិធីតាមដានសុខភាពរាងកាយទៅលើបណ្តាញទំនាក់ទំនងសង្គម ដែលទង្វើនេះបានធ្វើឲ្យលេចធ្លាយ ចេញនូវទីតាំងនៃមូលដ្ឋានទ័ពរបស់ពលទាហានរូបនោះ ដោយអចេតនា។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Fujian ដែលស្ថិតនៅតាមបណ្តាយឆ្នេរនៃប្រទេសចិន ខណៈពេលគ្រូបង្ហាត់ម្នាក់នៅឯមូលដ្ឋានយោធា ដែលបែកធ្លាយទីតាំង បានប្រទះឃើញពលទាហានមួយរូបបង្ហោះកំណត់ត្រា នៃការហ្វឹកហ្វឺនប្រចាំថ្ងៃរបស់ខ្លួន ទៅលើបណ្តាញសង្គមឈ្មោះថា «WeChat» តាមរយៈកម្មវិធីពិនិត្យតាមដានភាពរឹងមាំនៃកាយសម្បទា ដែលចង្អុលបង្ហាញពីទីតាំង និងតំបន់ស្ថិតនៅជុំវិញអ្នកប្រើប្រាស់ ហើយលោកគ្រូបង្ហាត់ក៏បានស្នើឲ្យពលទាហានរូបនោះ លុបព័ត៌មានទាំងអស់ចោលភ្លាមៗ ដោយសារវាបានបង្ហាញយ៉ាងច្បាស់ពីកន្លែង ដែលមូលដ្ឋានទ័ពរបស់ពួកគេតាំងនៅ ក៏ដូចជាអគារដទៃទៀតដែលនៅក្បែរទីនោះ។
ចាប់តាំងពីពេលមានរឿងហេតុនោះមក មូលដ្ឋានទ័ពខាងលើបានដាក់បំរាម មិនឲ្យមានការប្រើប្រាស់ប្រព័ន្ធជីភីអេស (GPS System) នៅលើកម្មវិធីទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ ដែលអាចពាក់ជាប់នឹងខ្លួនបានទៀតនោះឡើយ។
គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍ពីនាយកដ្ឋានសន្តិសុខ នៃមូលដ្ឋានទ័ពកើតហេតុ ចំនួនពលទាហានប្រមាណជា ៤៣ភាគរយដែលឈរជើងនៅទីនោះ ធ្លាប់បានប្រើប្រាស់កម្មវិធីតាមដានពិនិត្យភាពរឹងមាំនៃកាយសម្បទា ហើយកងទ័ពចិននៅទូទាំងប្រទេសវិញ ត្រូវបានព្រមានអំពីហានិភ័យនៃការបែកធ្លាយការសម្ងាត់យោធា ដោយសារតែការប្រើប្រាស់កម្មវិធីទាំងអស់នោះ និងការបង្ហោះលទ្ធផល នៃការធ្វើលំហាត់ប្រាណរបស់ពួកគេ នៅលើបណ្តាញទំនាក់ទំនងសង្គម៕