(អ៊ីស្រាអែល)៖ អគ្គរដ្ឋអាជ្ញាអ៊ីស្រាអែល លោក Avichai Mendelblit នៅថ្ងៃពុធបានបង្គាប់ឱ្យអាជ្ញាធរប៉ូលិស បើកការស៊ើបអង្កេតករណីព្រហ្មទណ្ឌប្រឆាំងនឹង លោកនាយករដ្ឋមន្ត្រី Benyamin Netanyahou សម្រាប់បទចោទប្រកាន់ពីរករណី ដែលមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។ នេះបើតាមស្ថានីយ៍ទូរទស្សន៍អ៊ីស្រាអែល Channel 10 ដែលចុះផ្សាយបន្តដោយសារព័ត៌មាន Channel News Asia នៅពឹ្រកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។
ជុំវិញបញ្ហានេះដែរនៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយដោយអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា រាល់ការបញ្ជាក់ទាំងឡាយកំពុងស្ថិតនៅក្នុងសំណុំរឿងនេះ ក៏ប៉ុន្តែមិនបានទទួលស្គាល់ ឬក៏បដិសេធចំពោះការប្រកាន់ដែលលើកឡើងដោយ Channel 10 នោះទេ ដោយវាគ្រាន់តែអះអាងថា អគ្គរដ្ឋអាជ្ញា ប៉ូលិស និងក្រុមរដ្ឋអាជ្ញា កំពុងធ្វើការងារជាមួយគ្នាយ៉ាងសកម្ម ហើយព័ត៌មានលម្អិត នឹងត្រូវប្រកាសជាសាធារណៈនៅពេលវេលាសក្តិសមណាមួយ។ ទោះបីជាយ៉ាងណាក៏ដោយខាងខុទ្ទកាល័យលោក Netanyahou មិនទាន់ ធ្វើការអាត្ថាធិប្បាយណាមួយលើព័ត៌មាននេះទេ។
គួរបញ្ជាក់ថា បើតាមស្ថានីយ៍ទូរទស្សន៍ Channel 10 នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benyamin Netanyahou ធ្លាប់បានបដិសេធចំពោះការចោទប្រកាន់ ពីការជាប់ពាក់ព័ន្ធនឹងជម្លោះផលប្រយោជន៍នៃក្រុមមនុស្សស្និទ្ធនឹងលោកនៅក្នុងសំណុំរឿងកិច្ចសន្យាទិញនាវាមុជទឹកបីគ្រឿង និងនាវាជាច្រើនគ្រឿងផ្សេងទៀតពីប្រទេសអាល្លឺម៉ង់ ដោយរដ្ឋាភិបាលអ៊ីស្រាអែល៕