(សេអ៊ូល)៖ អភិបាលក្រុងសុងណាម (Seongnam) នៃប្រទេសកូរ៉េខាងត្បូងលោក លី ជែម្យុង (Lee Jae-myung) ដែលជាបេក្ខភាពប្រកួតប្រជែងដ៏មានសក្តានុពលមួយរូប សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនាឆ្នាំក្រោយ បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិលោក បាន គីមូន មិនសក្តិសមនឹងឈរឈ្មោះសម្រាប់មុខតំណែងជាមេដឹកនាំកំពូល នៃប្រទេសកូរ៉េខាងត្បូងនោះឡើយ ព្រោះថាលោក បាន បានទាញយកផលប្រយោជន៍ពីតួនាទីបច្ចុប្បន្នរបស់លោកសម្រាប់តែការចំណេញផ្ទាល់ខ្លួនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាន យុនហ៉ាប់ លោក លី ជែម្យុង បាននិយាយថា «លក្ខណៈវិនិច្ឆ័យដ៏សំខាន់មួយដែលចាំបាច់ សម្រាប់បណ្តា បេក្ខភាពឈរឈ្មោះជាប្រធានាធិបតី គឺសមិទ្ធផលរបស់ពួកគេដែលសម្រេចបានពីមុខតំណែងមុនៗ ហើយថាតើពួកគេបានប្រើប្រាស់មុខតំណែងទាំងនោះ ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនដែរឬយ៉ាងណា... ហើយបើនិយាយពីរឿងនោះលោក គីមូន គឺផ្ទុយស្រឡះពីរូបខ្ញុំ»។
គួរបញ្ជាក់ថា បច្ចុប្បន្នលោក បាន គីមូន និងគូប្រជែងមួយទៀតកំពុងតែនាំមុខគ្នាយ៉ាងប្រកៀកប្រកិតគ្នា នៅការស្ទង់មតិដែលត្រូវបានធ្វើឡើងជាបន្តបន្ទាប់ នៅក្នុងប្រទេសកូរ៉េខាងត្បូងស្តីអំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនាឆ្នាំ២០១៧ ខណៈលោក លី ស្ថិតនៅលំដាប់ទីបី៕