(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថាគ្រោះមហន្តរាយរញ្ជួយដីកំរិត៦.៣រ៉ិចទ័រ បានវាយប្រហារភាគកើតប្រទេសជប៉ុន ហើយចំណុចញ័ររញ្ជួយរបស់វាបានកើតមានឡើង នៅចំប្រមាណជា១៨គីឡូម៉ែត្រភាគឦសានក្រុង Daigo ក្នុងខេត្ត Ibaraki ដែលស្ថិតនៅភាគខាងជើងនៃទីក្រុងតូក្យូ ជាមួយនឹងជម្រៅដ៏រាក់គឺត្រឹម១០គីឡូម៉ែត្រ ពីក្នុងដីតែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។
លោក Yoshihide Suga អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗ ស្តីអំពីទំហំខូចខាត និងមនុស្សរងគ្រោះនៅក្នុងគ្រោះធម្មជាតិមួយនេះឡើយ ហើយលោកបានបន្ថែមថារោងចក្រថាមពលនុយក្លែអ៊ែរ ដែលស្ថិតនៅតំបន់នោះ ក៏ត្រូវបានរកឃើញភាពមិនប្រក្រតីណាមួយកើតមានឡើងផងដែរ ទោះបីជាប្រជាជនជប៉ុនដែលរស់នៅជុំវិញតំបន់ ទទួលរងការវាយប្រហារ បានឲ្យដឹងតាមរយៈបណ្តាញទំនាក់ទំនងសង្គមថា ពួកគេជួបប្រទះនឹងការញ័ររញ្ជួយដ៏ខ្លាំងក្លា នៅក្នុងហេតុការណ៍ខាងលើយ៉ាងណាក្តី ហើយទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា គ្រោះរញ្ជួយដីកំរិតធ្ងន់គួរសមមួយនេះ ពុំបានបង្កជាហានិយភ័យនៃរលកយក្សស៊ូណាមិ នោះឡើយ។
គួរបញ្ជាក់ថា ប្រទេសជប៉ុន ស្ថិតនៅចំណុចដែលងាយនឹងទទួលការវាយប្រហារ ដោយគ្រោះមហន្តរាយរញ្ជួយដ៏សាហាវៗជាទីបំផុតក្នុងមួយឆ្នាំៗ ប៉ុន្តែដោយសារសំណង់នៅក្នុងប្រទេសមួយនេះ ត្រូវបានសាងសង់ឡើងប្រកបទៅដោយភាពបត់បែនតាមកាលៈទេសៈ រួមជាមួយនិងវិធានការបង្ការយ៉ាងរឹងមាំថែមទៀតនោះ គ្រោះរញ្ជួយដីកំរិតធ្ងន់ៗភាគច្រើនជារឿយមិនអាចបណ្តាលឲ្យប្រទេសជប៉ុន រងការខូចខាតខ្លាំងនោះឡើយ៕