(សេអ៊ូល)៖ អាជ្ញាធរនិយ័តកម្មកូរ៉េខាងត្បូងប្រឆាំងការក្លែងបន្លំ បានសម្រេចចិត្តផាកពិន័យ ក្រុមហ៊ុនបច្ចេកវិទ្យាសារទូរគមនាគមន៍អាមេរិក Qualcomm ដោយតម្រូវឱ្យបង់ប្រាក់ ១.០៣ទ្រីលានវ៉ុន (៨៥៤លានដុល្លារអាមេរិក) សម្រាប់ការរំលោភលើច្បាប់ស្ដីពីការប្រកួតប្រជែង តាមរយៈការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងប័ណ្ឌប៉ាតង់ និងការលក់ Modem chip ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា អាចប្ដឹងបន្តទៅកាន់តុលាការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។
គណៈកម្មាការកូរ៉េខាងត្បូងខាងតម្លាភាពពាណិជ្ជកម្ម ឬហៅកាត់ថា (KFTC) បានវិនិច្ឆ័យថា ក្រុមហ៊ុន Qualcomm បានរំលោភលើគោលជំហរទីផ្សារ ព្រមទាំងបានបង្ខំឱ្យក្រុមហ៊ុនផលិតទូរស័ព្ទដៃមួយចំនួន បង់ប្រាក់មិនចាំបាច់សម្រាប់ការទទួលបានប័ណ្ឌប៉ាតង់ ក្នុងក្របខ័ណ្ឌនៃការលក់ Modem chip។ ជាងនេះទៅទៀតបើតាម KFTC ក្រុមហ៊ុន Qualcomm ក៏បានដាក់កំហិតផងដែរលើការប្រកួតប្រជែង តាមរយៈការបដិសេធ ឬក៏កំណត់លើការផ្ដល់ប័ណ្ឌប៉ាតង់ស្ដង់ដាទាក់ទិននឹង Modem chip ដែលផលិតដោយក្រុមហ៊ុនជាគូប្រជែងរបស់ខ្លួនដូចជាក្រុមហ៊ុន Intel Corp, Samsung Electronics Co Ltd និងក្រុមហ៊ុន MediaTek Inc ជាដើម។
គួរបញ្ជាក់ថា KFTC បានបើកការស៊ើបអង្កេតលើការអនុវត្តន៍ពាណិជ្ជកម្មរបស់ក្រុមហ៊ុន Qualcomm នៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមហ៊ុនមួយ ដែលស្ថិតនៅក្រោមការលាក់បាំងអត្តសញ្ញាណ៕