(កូរ៉េខាងត្បូង)៖ ក្រុមហ៊ុនមួយរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញចេញជាសាធារណៈនូវ មនុស្សយន្តគំរូ ដែលមានអំណាចខ្លាំងពិតៗដំបូងបំផុតរបស់ពិភពលោក ជាប្រភេទមនុស្សយន្តមានជើង ២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។
មនុស្សយន្តខាងលើនេះមានកម្ពស់ ៤ម៉ែត្រដែលវាប្រៀបដូចជាមនុស្សយន្តដែលត្រូវបានប្រើប្រាស់ដោយក្រុមយោធាវាយលុកទីឋាន Pandora ក្នុងរឿង Avatar ដូច្នោះឯងដោយវាតម្រូវឲ្យមានមនុស្សពិតៗធ្វើការបញ្ជានៅពីក្នុងបន្ទប់បញ្ជាការរបស់មនុស្សយន្តផ្ទាល់។ ជាក់ស្តែងការច្នៃម៉ូដ និងអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់មនុស្សយន្តនេះ គឺមានការសហការគ្នារវាងក្រុមហ៊ុន Robocop របស់កូរ៉េខាងត្បូង និងអ្នកផលិតភាពយន្ត Avatar។
គួរបញ្ជាក់តាមការបង្ហើបតិចៗរបស់ក្រុមហ៊ុន មនុស្សយន្តខាងលើនេះចាប់ផ្តើមបំពាក់ឧបករណ៍ និងកម្មវិធីទំនើបៗដូចទៅនឹងក្នុងសាច់រឿង Avatar ដ៏ល្បីល្បាញនោះហើយ ប៉ុន្តែគេពុំទាន់បានបញ្ជាក់ច្បាស់លាស់នោះទេថាមនុស្សយន្តនេះ នឹងត្រូវប្រើប្រាស់ដើម្បីអ្វី ឬក៏នឹងសម្រេចចេញ ១០០ភាគរយនាពេលណានោះ៕